Feature

លោក ប៉ាវ ស៊ីណា ៖ សំណើប្រាក់ឈ្នួល «២៥០ ដុល្លារ» មិនមានមូលដ្ឋានជាក់លាក់ និងមិនឆ្លុះបញ្ចាំងលក្ខណៈវិនិច្ឆ័យទាំង ៧

លោក ប៉ាវ ស៊ីណា ប្រធានសហជីព បានលើកឡើងថា សំណើប្រាក់ឈ្នួលអប្បបរមា ២៥០ ដុល្លារ គ្រាន់តែជាតួលេខមួយ ដែលមិនទាន់មានមូលដ្ឋាន ស្រាវជ្រាវជាក់លាក់ និងមិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុង ជ្រោយទៅតាមលក្ខណៈវិនិច្ឆ័យទាំង ៧ ដែលត្រូវយកមកពិចារណាក្នុងដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា។

លោកបានបញ្ជាក់ថា៖ «ការយកតែតម្រូវការរស់នៅមកធ្វើជាមូលដ្ឋានតែមួយ គឺមិនគ្រប់គ្រាន់ទេ ព្រោះក្នុងយន្តការចរចាប្រាក់ឈ្នួល ត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៧ ដែលបានកំណត់»។

ចំណែកសំណើ ២២៥ ដុល្លារ លោក ប៉ាវ ស៊ីណា បានពន្យល់ថា តួលេខនេះមានមូលដ្ឋានលើការសិក្សា និងការគណនាដោយយោងទៅលើទិន្នន័យដែលដកស្រង់ចេញពីរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលលោកចាត់ទុកថា ជាប្រភពទិន្នន័យមានភាពច្បាស់លាស់ និងអាចយកមកធ្វើជាមូលដ្ឋានសម្រាប់ការពិភាក្សាបាន។

តាមការលើកឡើងរបស់លោក ប៉ាវ ស៊ីណា ការដាក់សំណើប្រាក់ឈ្នួលគួរតែមានមូលដ្ឋានលើទិន្នន័យ ការសិក្សា និងកត្តាពាក់ព័ន្ធទាំងមូល ជាជាងផ្តោតតែលើការដាក់តួលេខឱ្យខ្ពស់។ លោកយល់ថា គោលដៅសំខាន់នៃការចរចាគឺស្វែងរកកម្រិតប្រាក់ឈ្នួលដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់កម្មករនិយោជិត ព្រមទាំងគិតគូរដល់និរន្តរភាពការងារ និងស្ថិរភាពនៃវិស័យផងដែរ៕

To Top