Feature

រដ្ឋមន្ដ្រីឧស្សាហកម្ម ស្វាគមន៍ក្រុមហ៊ុន AMON ជ្រើសរើសកម្ពុជា ជាមូលដ្ឋានសម្រាប់បង្កើតរោងចក្រផលិតខ្សែភ្លើងគុណភាពខ្ពស់

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍ចំពោះ ក្រុមហ៊ុន Amon World Communications គ្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងដោយប្រើបច្ចេកវិទ្យាជប៉ុននៅកម្ពុជា ដែលនឹងរួមចំណែកពង្រឹងសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពិពិធកម្មឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមហ៊ុន បានលើកឡើងថា រោងចក្រនេះនឹងផលិតខ្សែភ្លើងគុណភាពខ្ពស់ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពរបស់ជប៉ុន ព្រមទាំងផ្ទេរចំណេះដឹង ផ្នែកត្រួតពិនិត្យគុណភាព សុវត្ថិភាពអគ្គិសនី និងបណ្តុះបណ្តាលអ្នកបច្ចេកទេសកម្ពុជា។

ក្រុមហ៊ុន ក៏បានស្នើកិច្ចសហការជាមួយក្រសួងលើការងារស្តង់ដា ការធ្វើតេស្តផលិតផល និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។

លោក ហែម វណ្ណឌី បានស្វាគមន៍គម្រោងវិនិយោគនេះ និងបានលើកឡើងថា «កម្ពុជាមិនត្រឹមតែចង់ផលិតជំនួសទំនិញនាំចូលមួយចំនួនប៉ុណ្ណោះទេ យើងចង់ក្លាយជាប្រទេសដែលអាចផលិត នាំចេញ និងមានការទទួលស្គាល់ជាអន្តរជាតិ»។

លោក បានបន្តថា ក្រសួងអាចគាំទ្រដល់គម្រោងវិនិយោគនេះ រួមទាំងដំណើរការបង្កើតរោងចក្រ ការអភិវឌ្ឍស្តង់ដា ការធ្វើតេស្តផលិតផល ការផ្ទេរបច្ចេកវិទ្យា និងការភ្ជាប់ក្រុមហ៊ុនជាមួយអ្នកទិញសក្តានុពល ដូចជារោងចក្រដំឡើងយានយន្ត និងក្រុមហ៊ុនផលិតផលិតផលអគ្គិសនី និងអេឡិចត្រូនិកជាដើម។

លោក រដ្ឋមន្ត្រីបានបន្ថែមថា ខ្សែភ្លើងដែលផលិតក្នុងស្រុក និងស្របតាមស្តង់ដាអន្តរជាតិ អាចផ្គត់ផ្គង់ដល់វិស័យយានយន្ត និងឧស្សាហកម្មដែលកំពុងរីកចម្រើននៅកម្ពុជា ព្រមទាំងមានសក្តានុពលនាំចេញទៅកាន់ទីផ្សារក្នុងតំបន់៕

To Top