Feature

សហជីពមួយចំនួន ស្នើឱ្យភាគីដាក់សំណើ ២៥០ដុល្លារ ចេញមុខបកស្រាយពីមូលដ្ឋាន នៃតួលេខ ក្រោយមានសារសំឡេងបែកធ្លាយ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំសហជីពមួយចំនួននៅកម្ពុជា បានស្នើឱ្យភាគីសហជីព ដែលលើកសំណើប្រាក់ឈ្នួលអប្បបរមា ២៥០ដុល្លារ ចេញមុខបកស្រាយ ជាសាធារណៈអំពីប្រភពទិន្នន័យ និងមូលដ្ឋានគណនា បន្ទាប់ពីមានការចែកចាយសារសំឡេងមួយ ដែលត្រូវបានអះអាងថា ពាក់ព័ន្ធនឹងការកំណត់តួលេខនេះ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា លោកចង់ឱ្យមានការបកស្រាយឱ្យបានច្បាស់ថា តើតួលេខ ២៥០ដុល្លារ ត្រូវបានគណនាឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ និងទិន្នន័យអ្វីខ្លះ មុននឹងយកទៅធ្វើជាសំណើនៅក្នុងក្របខណ្ឌក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

លោកបានអះអាងថា៖ «ចំពោះការបែកធ្លាយសារសំឡេង ពាក់ព័ន្ធនឹងការកំណត់ប្រាក់ឈ្នួល ២៥០ដុល្លារ ដើម្បីដាក់ចរចានៅក្នុងក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួល ខ្ញុំយល់ថា ភាគីដែលបានលើកតួលេខនេះគួរចេញមុខបកស្រាយថា តើមានមូលដ្ឋានស្រាវជ្រាវ និងលក្ខណៈវិនិច្ឆ័យអ្វីខ្លះ»។

លោក សំ សឿន ក៏បានរិះគន់យ៉ាងខ្លាំងចំពោះសហជីពណាដែលលោកយល់ថា អាចទទួលឥទ្ធិពលពីភាគីខាងក្រៅ ហើយបានព្រមានថា សំណើប្រាក់ឈ្នួលដែលមិនផ្អែកលើទិន្នន័យគ្រប់ជ្រុងជ្រោយអាចបង្កផលប៉ះពាល់ដល់ការងារ និងជីវភាពកម្មករ។ ទោះជាយ៉ាងណា ការអះអាងពាក់ព័ន្ធនឹងការជ្រៀតជ្រែក ឬការណែនាំពីអង្គការអន្តរជាតិណាមួយ ត្រូវការភស្តុតាង និងការផ្ទៀងផ្ទាត់បន្ថែម។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានលើកឡើងថា លោកក៏មានចម្ងល់ដែរ ចំពោះរបៀបដែលតួលេខ ២៥០ដុល្លារ ត្រូវបានកំណត់ឡើង។

លោកបានថ្លែងថា៖ «មេសហជីពខ្លះដែលបានដាក់តួលេខ ២៥០ដុល្លារ ខ្ញុំក៏ឆ្ងល់ដែរថា តើគាត់បានតួលេខ ២៥០ដុល្លារនេះមកពីណា។ ការពិភាក្សាប្រាក់ឈ្នួលអប្បបរមារៀងរាល់ឆ្នាំ យើងមានយន្តការ និងតួអង្គពាក់ព័ន្ធគ្រប់ភាគី ហើយមានការសិក្សាលើស្ថានភាពសេដ្ឋកិច្ច សង្គម និងកត្តាផ្សេងៗជាច្រើន។ យើងមិនអាចដាក់តួលេខតាមការនឹកឃើញបានទេ»។

លោកបានបន្ថែមថា ប្រសិនបើសំណើណាមួយមិនឆ្លុះបញ្ចាំងស្ថានភាពជាក់ស្តែង និងមិនមានមូលដ្ឋានគាំទ្រគ្រប់គ្រាន់ នោះវាអាចបង្កការរំពឹងទុកខ្ពស់ក្នុងចំណោមកម្មករ ហើយក៏អាចប៉ះពាល់ដល់ភាពជឿជាក់នៃដំណើរការចរចាផងដែរ។

ការលើកឡើងរបស់ថ្នាក់ដឹកនាំសហជីពទាំងនេះ គឺផ្តោតលើការទាមទារឱ្យភាគីដែលដាក់សំណើ ២៥០ដុល្លារ បង្ហាញឱ្យបានច្បាស់ពី ទិន្នន័យ ប្រភពសិក្សា វិធីសាស្ត្រគណនា និងរបៀបដែលតួលេខនោះឆ្លុះបញ្ចាំងលក្ខណៈវិនិច្ឆ័យទាំង ៧ ដែលត្រូវប្រើក្នុងដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា៕

To Top