ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ប្រជុំពង្រឹងប្រសិទ្ធភាពការងារ ឆ្ពោះទៅគោលដៅឆ្នាំថ្មី លើកិច្ចការងារសង្គម និងការអភិវឌ្ឍយុវជន
បន្ទាយមានជ័យ៖ លោក កែ សួនសុភាព ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា ចូលរួមកិច្ចប្រជុំអនឡាញ (Zoom) នៅស្នាក់ការក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ក្នុងគោលបំណងជំរុញកិច្ចការងារសង្គម និងការអភិវឌ្ឍយុវជនឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

អង្គប្រជុំដ៏មានសារៈសំខាន់នេះ បានផ្ដោតយ៉ាងស៊ីជម្រៅ លើការវាយតម្លៃវឌ្ឍនភាពការងារ ការត្រៀមលក្ខណៈសម្បត្តិរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ ឆ្ពោះទៅកាន់ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៧ ព្រមទាំងពង្រឹងប្រសិទ្ធភាពលើកិច្ចការងារអាហារូបករណ៍ ដើម្បីពង្រីកឱកាសសិក្សារយៈពេលវែងជូនដល់យុវជន ។

ឆ្លងកាត់កិច្ចខិតខំប្រឹងប្រែងនេះ ស្មារតីសកម្ម និងការដឹកនាំដ៏ប្រាកដនិយមរបស់ លោក កែ សួនសុភាព ព្រមទាំងក្រុមការងារទាំងអស់ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវកម្លាំងចលករដ៏រឹងមាំក្នុងការលើកស្ទួយវិស័យមនុស្សធម៌ និងអភិវឌ្ឍសហគមន៍ ស្របតាមស្មារតីដ៏មុតស្រួច «យុវជនដើម្បីសង្គមជាតិ»៕





អត្ថបទ: ប៊ុន សំណាង / Dap News
