Cristiano Ronaldo វ័យ ៤១ឆ្នាំ បន្តជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ប្រកួត Nations League
លីសបោន ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ព័រទុយហ្គាល់សាជាថ្មី ដោយគ្រូបង្វឹកទើបតែងតាំងថ្មីលោក Jorge Jesus សម្រាប់ការប្រកួតក្របខ័ណ្ឌ Nations League នាពេលខាងមុខ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ទោះបីជាកីឡាករវ័យ ៤១ឆ្នាំរូបនេះ ធ្លាប់បានប្រកាសថាព្រឹត្តិការណ៍ World Cup នារដូវក្តៅកន្លងទៅ គឺជាការចូលរួមលើកចុងក្រោយរបស់ខ្លួនក៏ដោយ ក៏កំពូលតារាបាល់ទាត់រូបនេះមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ ដែលលោកនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឡើយទេ។ លោកនឹងមានវ័យ ៤៣ឆ្នាំ នៅពេលព្រឹត្តិការណ៍ជើងឯកអឺរ៉ុប (European Championship) ឆ្នាំ២០២៨ ដែលជាព្រឹត្តិការណ៍ធំបន្ទាប់ ចូលមកដល់។

នេះគឺជាការរៀបចំសមាសភាព កីឡាករលើកដំបូងរបស់លោក Jorge Jesus ដែលត្រូវបានតែងតាំង ជំនួសគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Roberto Martinez បន្ទាប់ពីព័រទុយហ្គាល់បានរងបរាជ័យក្រោមថ្វីជើងអេស្ប៉ាញ ១-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup។ គួររំលឹកថា ការងារដឹកនាំចុងក្រោយរបស់លោក Jesus គឺនៅក្លឹប Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែលលោក និង Ronaldo បានរួមដៃគ្នាឈ្នះពានរង្វាន់លីគកំពូលកាលពីរដូវកាលមុន។
ជុំវិញតួនាទីរបស់ Ronaldo លោក Jesus បានបញ្ជាក់យ៉ាងច្បាស់ថា៖ «កីឡាករដែលត្រូវបានកោះហៅទាំងអស់ គឺស្ថិតក្រោមការចាត់ចែងរបស់ខ្ញុំ»។ លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើគាត់បង្ហាញទម្រង់លេងបានល្អ គាត់នឹងបានចូលលេង។ បើគាត់លេងមិនបានល្អទេ គាត់នឹងមិនបានលេងឡើយ។ នេះជារបៀបដែលខ្ញុំប្រព្រឹត្តចំពោះកីឡាករគ្រប់រូប»។
ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកវ័យ ៧២ឆ្នាំរូបនេះ ដែលធ្លាប់ដឹកនាំក្លឹបធំៗដូចជា Benfica និង Sporting CP ក៏បានទទួលស្គាល់ពីភាពអស្ចារ្យរបស់ Ronaldo ផងដែរ ដោយថ្លែងថា៖ «តើ Cris (Ronaldo) មានឋានៈខុសពីគេឬទេ? ពិតណាស់ អាជីពរបស់គាត់គឺខុសប្លែកពីគេ។ គាត់ជាម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល។ ប៉ុន្តែតើវាមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់ខ្ញុំឬទេ? គឺទេ សូន្យ… ប៉ុន្តែគាត់ពិតជាមានលក្ខណៈខុសប្លែកពីកីឡាករដទៃ»។
បច្ចុប្បន្ន Ronaldo គឺជាម្ចាស់កំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជម្រើសជាតិបុរស ដោយរកបាន ១៤៦គ្រាប់ ខណៈសមិទ្ធផលធំបំផុតរបស់លោកជាមួយជម្រើសជាតិ គឺការជួយឲ្យព័រទុយហ្គាល់ឈ្នះពានរង្វាន់ Euro 2016។
ពេលនេះ លោកកំពុងដេញតាមកំណត់ត្រាស៊ុតបញ្ចូលទី ១.០០០គ្រាប់ក្នុងអាជីព ដោយបច្ចុប្បន្នធ្វើបាន ៩៧៩គ្រាប់។ នៅពេលសួរថា តើលោកគិតថា Ronaldo អាចសម្រេចគោលដៅនេះបានដែរឬទេ លោក Jesus បានឆ្លើយតបថា៖ «ខ្ញុំគិតថាគាត់មានភាគរយច្រើនក្នុងការស៊ុតគ្រាប់បាល់ទី១ពាន់របស់គាត់សម្រាប់ក្លឹប Al Nassr ជាជាងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់»។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នឹងបើកឆាកប្រកួតក្របខ័ណ្ឌ Nations League ដោយត្រូវស្វាគមន៍ក្រុមវែលស៍ (Wales) នៅថ្ងៃទី២៤ ខែកញ្ញា មុនពេលធ្វើដំណើរទៅតទល់ជាមួយន័រវែស (Norway) ៣ថ្ងៃបន្ទាប់។ ពួកគេនឹងត្រូវប៉ះដាណឺម៉ាក (Denmark) នៅថ្ងៃទី១ ខែតុលា រួចទើបត្រឡប់មកស្វាគមន៍ក្រុមន័រវែសក្នុងទឹកដីខ្លួនឯងវិញនៅថ្ងៃទី៤ ខែតុលា៕
ប្រែសម្រួល៖ គីរី
