មហាសេដ្ឋីឥណ្ឌូនេស៊ី លោក Low Tuck Kwong យល់ព្រមលក់ភាគហ៊ុន ៣០% នៃក្រុមហ៊ុនរ៉ែធ្យូងថ្ម Bayan Resources ទៅឱ្យមហាសេដ្ឋីក្នុងស្រុក
បរទេស៖ មហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេសឥណ្ឌូនេស៊ី លោក Low Tuck Kwong រួមជាមួយនឹងកូនស្រីគឺអ្នកនាង Elaine Low បានចុះកិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីលក់ភាគហ៊ុនចំនួន ១០ពាន់លានហ៊ុន (ស្មើនឹងប្រមាណ ៣០% នៃភាគហ៊ុនសរុប) របស់ក្រុមហ៊ុនរ៉ែធ្យូងថ្មខ្នាតយក្ស PT Bayan Resources Tbk (BYAN នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦)។
ភាគហ៊ុន ៣០% នេះនឹងត្រូវលក់ទៅឱ្យក្រុមហ៊ុន Jhonlin Baratama ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Jhonlin Group គ្រប់គ្រងដោយសេដ្ឋីឥណ្ឌូនេស៊ីដ៏មានឥទ្ធិពលលោក Andi Syamsuddin Arsyad (ដែលគេស្គាល់ជាទូទៅថា Haji Isam)។ លោក Haji Isam ត្រូវបានគេស្គាល់ថាជាអ្នកជំនួញធំនៅតំបន់ Kalimantan និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto។
ការសម្រេចចិត្តលក់ភាគហ៊ុននេះ កើតឡើងស្របពេលដែលក្រុមហ៊ុន Bayan កំពុងប្រឈមមុខនឹងបញ្ហាបទប្បញ្ញត្តិ។ កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនបានប្រកាសផ្អាកកិច្ចសន្យាផ្គត់ផ្គង់ធ្យូងថ្មជាបណ្តោះអាសន្ន (Force Majeure) ដោយសារតែរដ្ឋាភិបាលឥណ្ឌូនេស៊ីមិនទាន់បានអនុម័តលើសំណើកែសម្រួលកូតាផលិតកម្មរ៉ែរបស់ខ្លួននៅឡើយ។
មុនពេលមានកិច្ចព្រមព្រៀងនេះ លោក Low និងកូនស្រី កាន់កាប់ភាគហ៊ុនរួមគ្នាប្រមាណ ៦២,២៥% នៅក្នុងក្រុមហ៊ុន Bayan។ ភាគីទាំងពីរមិនបានបញ្ជាក់ពីតម្លៃលក់ពិតប្រាកដនៃភាគហ៊ុន ៣០% នេះឡើយ ប៉ុន្តែផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ន ភាគហ៊ុនចំនួន ១០ពាន់លានហ៊ុននេះ មានតម្លៃទីផ្សារសរុបប្រមាណ ៦,៥ ពាន់លានដុល្លារអាមេរិក។
កាលពីដើមខែកញ្ញា មានពាក្យចចាមអារ៉ាមថា លោក Haji Isam បានដាក់សំណើចង់ទិញយកភាគហ៊ុនក្តោបក្តាប់ទាំង ៦២% របស់លោក Low ក្នុងតម្លៃត្រឹមតែ ៣ពាន់លានដុល្លារ ដែលជាតម្លៃមួយទាបជាងតម្លៃទីផ្សារជាក់ស្តែងខ្លាំង។
ការសម្រេចបានកិច្ចព្រមព្រៀង ៣០% នេះ បានបញ្ចប់ពាក្យចចាមអារ៉ាមនៅក្នុងទីផ្សារ ស្របពេលដែលថ្នាក់ដឹកនាំក្រុមហ៊ុន Bayan អះអាងថាវានឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការ ឬស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុនឡើយ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនជាស្ថាពរ នឹងត្រូវរង់ចាំការបំពេញលក្ខខណ្ឌផ្លូវច្បាប់ និងសាជីវកម្មមួយចំនួនទៀតទើបអាចបញ្ចប់ជាផ្លូវការបាន៕
ប្រែសម្រួល៖ គីរី
