Feature

គណៈប្រតិភូក្រសួងការងារកម្ពុជា សិក្សាបទពិសោធកូរ៉េ ពង្រឹងសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់​

ទីក្រុងសេអ៊ូល ៖ លោក​ សោម ចំណាន រដ្ឋលេខាធិការ នៃ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  បានដឹកនាំគណៈប្រតិភូកម្ពុជា ជាមន្រ្តីអធិការកិច្ចសុវត្ថិភាព និងសុខភាពការងារ  នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីអធិការកិច្ចសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើទស្សនកិច្ចសិក្សា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីដកស្រង់បទពិសោធជាក់ស្តែង លើការពង្រឹងសុវត្ថិភាពនិងសុខភាពការងារ ក្នុងវិស័យសំណង់។

​
កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងគម្រោង “Asia-Pacific Regional Case for Implementing the Global Accelerator by a Just Transition in the Construction Industries” ក្រោមកិច្ចសហប្រតិបត្តិការ ILO-Korea Partnership Programme ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចកម្ពុជា លើការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់នៅការដ្ឋានសំណង់។

លោក​ សោម ចំណាន បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច គណៈប្រតិភូបានសិក្សាពីគោលនយោបាយ និងច្បាប់ សុវត្ថិភាពការដ្ឋានសំណង់ បច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់ការងារ ការលើកកម្ពស់វប្បធម៌សុវត្ថិភាពក្នុងការប្រើប្រាស់បរិក្ខារ និងគ្រឿងចក្រ និងបច្ចេកទេសអធិការកិច្ច។ បន្ថែមពីនេះ គណៈប្រតិភូក៏បានចុះអនុវត្តផ្ទាល់នៅការដ្ឋានសំណង់ ទស្សនកិច្ចមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារកូរ៉េ និងពិភាក្សាជាមួយក្រសួងការងារ និងមុខរបរសាធារណរដ្ឋកូរ៉េ អំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ​រដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការគាំទ្រ និងជំនួយបច្ចេកទេសដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យសុវត្ថិភាព និងសុខភាពការងារ រួមទាំងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ។ លោកសង្ឃឹមយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ និង ILO ក្នុងការលើកកម្ពស់ការងារសមរម្យ ​សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងវិស័យសំណង់នៅកម្ពុជា៕

To Top