Feature

រយៈពេល ៣ឆ្នាំ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បណ្ដុះបណ្ដាលយុវជនជំនាញជាង ២ពាន់នាក់

កំពង់ចាម៖ ក្នុងរយៈពេល ៣ឆ្នាំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) បានបណ្ដុះបណ្ដាលសិស្ស និស្សិត និងយុវជនសរុបចំនួន ២,១០៥នាក់ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងចំណោមអ្នកសិក្សាសរុប ២,១០៥នាក់ មាន ៥១៨នាក់ បានសិក្សានៅកម្រិតបរិញ្ញាបត្របច្ចេកទេស និងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ខណៈ ១,៥៨៧នាក់ ជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

លោកនាយកបានមានប្រសាសន៍ថា៖ «វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ផ្តល់ឱកាសដល់យុវជនទទួលបានការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅគ្រប់កម្រិត ដើម្បីឱ្យពួកគេមានជំនាញ និងសមត្ថភាពសមស្របសម្រាប់ចូលទៅក្នុងទីផ្សារការងារ»។

បើតាមលោកនាយកសម្រាប់ឆ្នាំសិក្សាថ្មី វិទ្យាស្ថានបានបើកឱកាសឱ្យសិស្ស និស្សិត និងយុវជនចូលសិក្សាលើជំនាញបច្ចេកទេសសំខាន់ៗ ចាប់ពីកម្រិត សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ (C1, C2 និង C3) រហូតដល់ បរិញ្ញាបត្របច្ចេកទេស និងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស។

ជាមួយគ្នានេះ វិទ្យាស្ថានក៏បានប្រកាសបើកទទួលចុះឈ្មោះសិក្សាសម្រាប់វគ្គថ្មី ដោយសិស្ស និស្សិត និងយុវជនដែលមានចំណាប់អារម្មណ៍ អាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០៨៥ ៤៤៤ ៦៤៧ / ០៩០ ៤៤៤ ៦៧៤ ឬអញ្ជើញទៅកាន់ទីតាំងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ស្ថិតនៅផ្លូវជាតិលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម៕

To Top