ព័ត៌មានអន្តរជាតិ

កាសែតអាល្លឺម៉ង់ Handelsblatt រាយការណ៍ថា ក្រុមហ៊ុន Porsche អាចនឹងត្រូវកាត់បន្ថយ ការងារចំនួន ៤.០០០ កន្លែងបន្ថែមទៀត

បរទេស៖ កាសែតអាជីវកម្មប្រចាំថ្ងៃរបស់អាល្លឺម៉ង់ឈ្មោះ Handelsblatt បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ផែនការដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Volkswagen ដើម្បីកែប្រែស្ថានភាព អាជីវកម្មឡើងវិញ បានគ្រោងទុក នូវការកាត់បន្ថយការងារ បន្ថែមទៀតជាង ៤,០០០ កន្លែង នៅក្រុមហ៊ុន Porsche បន្ទាប់ពីមានការព្រមាន អំពីប្រាក់ចំណេញដែលពាក់ព័ន្ធ នឹងបញ្ហានានានៅក្នុងក្រុមហ៊ុន បុត្រសម្ព័ន្ធផលិតរថយន្តស្ព័រមួយនេះ។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមកាសែត Handelsblatt, ឯកសារដែលកត់ត្រា អំពីកិច្ចព្រមព្រៀងថ្មីៗនេះរបស់ក្រុមប្រឹក្សាត្រួតពិនិត្យក្រុមហ៊ុន Volkswagen ដើម្បីចាប់ផ្តើម ការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ បានស្នើឱ្យមានការកាត់បន្ថយបុគ្គលិក “ប្រហែល ៤,១០០ នាក់” នៅឯម៉ាកយីហោ Porsche ដើម្បីដោះស្រាយបញ្ហាកង្វះខាតថវិកា សម្រាប់ចំណាយប្រតិបត្តិការ ដែលមានចំនួនប្រហែល ៧០០ លានអឺរ៉ូ ឬស្មើនឹង ៨០៣.៨ លានដុល្លារអាមេរិក។

‎កាសែតនេះបានបញ្ជាក់ថា ការកាត់បន្ថយទាំងនេះនឹងធ្វើឡើង “បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់”។

‎កាលពីខែកក្កដា ថ្នាក់ដឹកនាំក្រុមហ៊ុន Porsche និងតំណាងកម្មករនិយោជិតបានយល់ព្រម លើការកាត់បន្ថយបុគ្គលិក បន្ថែមចំនួន ៥,០០០ នាក់ទៀត បន្ថែមលើចំនួន ៤,០០០ នាក់ដែលបានកំណត់រួចហើយ។ ការណ៍នេះធ្វើឱ្យចំនួនសរុបនៃការកាត់បន្ថយការងារដែលបានព្រមព្រៀងគ្នានៅក្រុមហ៊ុនផលិតរថយន្តម៉ូដែល 911 ដែលមានមូលដ្ឋាននៅទីក្រុង Stuttgart មួយនេះ កើនឡើងដល់ប្រហែលមួយក្នុងចំណោមបុគ្គលិកប្រាំនាក់នៅត្រឹមឆ្នាំ ២០៣៥។

‎ក្រុមហ៊ុន Volkswagen បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Porsche ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការដែលត្រូវបានរាយការណ៍របស់ក្រុមប្រឹក្សាត្រួតពិនិត្យក្រុមហ៊ុន Volkswagen ផងដែរ។

To Top