Feature

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ណែនាំដល់សិស្សនិទ្ទេសA បន្តខិតខំបន្ថែមទៀត ដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិ

កំពង់ស្ពឺ÷ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់សិស្សនិទ្ទេសA ដែលបានប្រឡងទទួលបានជ័យលាភីក្នុងឆ្នាំសិក្សា២០២៥-២០២៦ ឱ្យបន្តការខិតខំបន្ថែមទៀត ដើម្បីអនាគតខ្លួនឯង គ្រួសារ និងប្រទេសជាតិ ។

ការណែនាំដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូនៅតាមវិទ្យាល័យក្នុងក្របខណ្ឌមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ខេត្តកំពង់ស្ពឺ ទទួលបានបេក្ខជន ប្រឡងជាប់និទ្ទេសចំនួន ៣១នាក់ និងមានវិទ្យាល័យដែលសិស្សចូលប្រឡងហើយជាប់១០០% មិនមានធ្លាក់សោះ។ ទាំងនេះបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែង និង លះបង់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ធ្វើឱ្យលទ្ធផលទទួលបានល្អប្រសើរ ។ ជាងនេះ អ្វីដែលជាមោទនភាពបំផុតនោះគឺ ការខិតខំសិក្សារៀនសូត្រ ដោយខ្លួនឯងនិងការជួយជម្រុញ និងលើកចិត្តពីក្រុមគ្រួសារ ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា កំណែទម្រង់របស់ក្រសួងអប់រំ ការលះបង់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ ពិសេសវគ្គបំប៉នថ្នាក់ទី១២ ជាផ្នែកតូចមួយប៉ុណ្ណោះ ប៉ុន្តែអ្វីជាកត្តាជោគជ័យ ដែលមិនអាចខ្វះបាន គឺការខិតខំរៀនសូត្រ ដោយខ្លួនឯង និងការលើកទឹកចិត្តពីគ្រួសារ បើគ្មានការខិតខំ គ្មានការលើកទឹកចិត្តពី ក្រុមគ្រួសារនោះទេ។ កំណែទម្រង់ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងការលះបង់បង្រៀន របស់លោកគ្រូអ្នកគ្រូក៏មិនអាចឱ្យពួកគេទទួលបានល្អដូចថ្ងៃនេះដែរ ។

លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកការប្រឹងប្រែងរបស់សិស្សទាំងអស់ ជាភាពជោគជ័យសម្រាប់ក្រុមគ្រួសារ និងឆាកជីវិតនៃជំហានដំបូងរបស់ខ្លួនឯង មុននឹងឈានឆ្ពោះទៅរកភាពជោគជ័យក្នុង ៣ដំណាក់កាលជាបន្តបន្ទាប់ទៀត តាមរយៈការប្រឹងប្រែងបន្តគឺ ទី១-ការបញ្ចប់ការសិក្សា នៅកម្រិតឧត្ដមសិក្សា។ ទី២ មានការងារល្អធ្វើ ទី៣ ការកសាងគ្រួសារមួយប្រកបដោយសុភមង្គល។
ថ្វីត្បិតតែកត្តាជាច្រើនបានជំរុញដល់សិស្សទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែ ភាពជោគជ័យនេះក៏មិនអាចកាត់ថ្លៃបានពីកត្តាសុខសន្តិភាពរបស់ប្រទេសជាតិឡើយ ពីព្រោះថាបើគ្មានសុខសន្តិភាពទេ សិស្សក៏មិនអាចមានឱកាសគ្រប់គ្រាន់ ក្នុងការទទួលបានការអប់រំ និងការសិក្សារៀនសូត្រ ដែលមានគុណភាពដូចថ្ងៃនេះដែរ ។ ដូច្នេះ សិស្សមានឱកាសទទួលបានការសិក្សានេះហើយ ត្រូវបន្តការប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានឱកាសជាអ្នកបន្តវេន ប្រកបដោយថាមពល និងសក្ដានុពល ហើយត្រូវធ្វើយ៉ាងណាចូលរួម ជួយអភិវឌ្ឍសង្គមជាតិ ប្រកបដោយគុណធម៌ និង សច្ចៈធម៌ ហើយត្រូវចងចាំថា ជោគវាសនាប្រទេសគឺ ស្ថិតនៅលើដៃអ្នកជំនាន់ក្រោយនេះហើយ ។

សូមបញ្ជាក់ថា សិស្សដែលបានប្រឡងជាប់និទ្ទេសAចំនួន ៣១នាក់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់នូវ Computer (ផ្លែតថប) ម្នាក់មួយគ្រឿង ។ ចំពោះសិស្សនិទ្ទេសAបីនាក់ ដែលទទួលពិន្ទុខ្ពស់ជាងគេ ទទួលបានម៉ូតូម្នាក់ មួយគ្រឿង បន្ថែមទៀតផងដែរ ។ សាលាដែលមានសិស្សប្រឡងជាប់ភាគរយខ្ពស់ និងមាននិទ្ទេសA ក៏បានការឧបត្ថម្ភបន្ថែម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺផងដែរ៕

ដោយ÷សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតដើមអម្ពិល

To Top