ព័ត៌មានអន្តរជាតិ

ការដេញថ្លៃវគ្គទី១ នៃកាបូបប្រណីតដែលរឹបអូសពីសំណុំរឿងលាងលុយ ៣ពាន់លានដុល្លារសិង្ហបុរី ប្រមូលប្រាក់បានជាង ១,១លានដុល្លារសិង្ហបុរី

សិង្ហបុរី៖ ការដេញថ្លៃលើកទី១ នូវកាបូប និងគ្រឿងបន្សំប្រណីតៗដែលត្រូវបានរឹបអូសពីសំណុំរឿងលាងលុយកខ្វក់ដ៏ធំទំហំ ៣ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ ២,៣៥ពាន់លានដុល្លារអាមេរិក) នៅប្រទេសសិង្ហបុរី បានបិទបញ្ចប់ កាលពីយប់ថ្ងៃអាទិត្យ (ទី២០ កញ្ញា) ដោយប្រមូល ប្រាក់បានសរុបជាង ១,១លានដុល្លារសិង្ហបុរី នេះបើយោងតាមការ ចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ។

កាបូបស្បែកកម្រម៉ាក Louis Vuitton x Yayoi Kusama រាងផ្លែល្ពៅពណ៌លឿង ដែលជាស្នាដៃសហការ រវាងក្រុមហ៊ុនម៉ាកយីហោប្រណីតនេះ និងសិល្បករជប៉ុន (ដែលទើបទទួលមរណភាពក្នុងវ័យ ៩៧ឆ្នាំ) ត្រូវបានលក់ចេញក្នុងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់ ៨៧.០០០ ដុល្លារសិង្ហបុរី។

ត្រឹមរយៈពេល ៣០នាទី មានការប្រជែងដេញថ្លៃយ៉ាងកក្រើកនៅនាទីចុងក្រោយចំនួន ៤២ដង ដែលបានរុញច្រានតម្លៃកាបូប LV ខាងលើឱ្យឡើងថ្លៃជាង ៥ដង នៃតម្លៃប៉ាន់ស្មានដំបូងរបស់ក្រុមហ៊ុនដេញថ្លៃ ដែលបានកំណត់ត្រឹមចន្លោះពី ១២.០០០ ទៅ ១៦.០០០ ដុល្លារសិង្ហបុរីប៉ុណ្ណោះ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនដេញថ្លៃ Hotlotz ដោយបានដាក់ដេញថ្លៃវត្ថុតាងជុំទី១ ដែលរួមមានកាបូប និងគ្រឿងបន្សំប្រណីតៗចំនួន ៣៣៧មុខ។ ទំនិញទាំងអស់ត្រូវបានលក់ចេញអស់គ្មានសល់ ដែលនាំឱ្យទំហំទឹកប្រាក់សរុបកើនលើស ១,១លានដុល្លារសិង្ហបុរី។

ប្រែសម្រួល៖ គីរី

To Top