ព័ត៌មានអន្តរជាតិ

លោក Najib អតីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បញ្ជាក់ថា មិនមានលទ្ធភាពបង់ប្រាក់ពិន័យ ១២,២៦លានដុល្លារ ដើម្បីប្តូរមកឃុំខ្លួនក្នុងផ្ទះ ដោយសារទ្រព្យសម្បត្តិ កំពុងត្រូវរឹបអូសនិងបង្កក

កូឡាឡាំពួ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានបញ្ជាក់ថា ការតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន ៥០លានរីងហ្គីត (ប្រមាណ ១២,២៦លានដុល្លារអាមេរិក) ជាផ្នែកមួយ នៃលក្ខខណ្ឌ ដើម្បីទទួលបានការបន្ធូរបន្ថយទោស និងផ្លាស់ប្តូរមកឃុំខ្លួនក្នុងផ្ទះនោះ គឺ “មិនស្ថិតនៅក្នុងដៃរបស់លោកឡើយ”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីការពារក្តីរបស់លោកកាលពីថ្ងៃអាទិត្យ (ទី២០ កញ្ញា)។

នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ បានអោយដឹងថា សេចក្តីថ្លែងការណ៍ពីក្រុមមេធាវី Messrs Shafee & Co. បានបញ្ជាក់ថា ទ្រព្យសម្បត្តិ គណនីធនាគារ និងអចលនទ្រព្យមួយភាគធំរបស់លោក Najib នៅតែបន្តស្ថិតក្រោមដីកាបង្កក និងនីតិវិធីអនុវត្តច្បាប់ពីរដ្ឋាភិបាល ដែលធ្វើឱ្យលោកមិនមានសិទ្ធិអំណាចគ្រប់គ្រង ចាត់ចែង ឬលក់ដូរដោយឯករាជ្យបាននោះទេ។

ស្ថិតក្នុងកាលៈទេសៈនេះ អតីតនាយករដ្ឋមន្ត្រីរូបនេះកំពុងពិគ្រោះយោបល់ជាមួយអ្នកច្បាប់ និងពិចារណាលើជម្រើសនានា ដើម្បីស្វែងរកមធ្យោបាយល្អបំផុតក្នុងការអនុវត្តឱ្យបានតាមលក្ខខណ្ឌនៃការលើកលែងទោសនេះ។

លោក Najib ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី ស៊ុលតង់ អ៊ីប្រាហ៊ីម ស៊ុលតង់ អ៊ីស្កាន់ដា (Sultan Ibrahim Sultan Iskandar) ព្រះរាជទានការលើកលែងទោសដោយមានលក្ខខណ្ឌកាលពីថ្ងៃសុក្រ ដោយអនុញ្ញាតឱ្យលោកអាចអនុវត្តទោសដែលនៅសេសសល់នៅឯគេហដ្ឋាន (ឃុំខ្លួនក្នុងផ្ទះ) រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៨។

លោកបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនដែលបានផ្តល់ការគាំទ្រ ជាពិសេសឧបនាយករដ្ឋមន្ត្រី លោក Ahmad Zahid Hamidi ដែលជាប្រធានគណបក្ស UMNO និងជាប្រធានសម្ព័ន្ធនយោបាយ Barisan Nasional។

ទោះជាយ៉ាងណាក្តី សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា លោកមិនចង់ឱ្យគណបក្ស សមាជិក អ្នកគាំទ្រ ឬសាធារណជន មានអារម្មណ៍ថាជាបន្ទុក ឬមានកាតព្វកិច្ចត្រូវជួយរៃអង្គាសប្រាក់ ពិន័យនេះជំនួសលោកនោះទេ។ ប៉ុន្តែលោកនៅតែដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលបានស្ម័គ្រចិត្ត ជួយដោយកម្លាំងចិត្ត និងតាមលទ្ធភាពរៀងៗខ្លួន ដែលនេះគឺជាប្រភពនៃកម្លាំងចិត្តដ៏ធំធេង សម្រាប់រូបលោកក្នុងពេលនេះ។

ប្រែសម្រួល៖ គីរី

To Top