Feature

ក្រសួងបរិស្ថាន ចាត់វិធានការឆ្លើយតបជាបឋម ចំពោះករណីប្រេងហូរ​ ចេញពីទូរថភ្លើងដែលក្រឡាប់ នៅក្រុងបាត់ដំបង

បាត់ដំបង ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន រួមជាមួយមន្ទីរបរិស្ថានខេត្ត ចាត់វិធានការឆ្លើយតប និងគ្រប់គ្រងបរិស្ថាន ដោយធ្វើការការពារសុវត្ថិភាពជាចម្បង។

ក្រុមការងារបានសហការជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ណែនាំប្រជាពលរដ្ឋពាក់ម៉ាស់ និង មិនឱ្យចូលទៅជិត ឬដងយកប្រេងដែលកំពប់នោះឡើយ និងដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យឆាបឆេះជាយថាហេតុ និងកាត់បន្ថយការប៉ះពាល់ផ្ទាល់ ជាមួយសារធាតុគីមី។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរបានត្រៀមលក្ខណៈសង្គ្រោះ ដោយបានបញ្ជូនរថយន្តបង្ការ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង ឱ្យប្រចាំការនៅទីតាំងកើតហេតុជាស្រេច។

មន្រ្តីជំនាញបានធ្វើការតាមបច្ចេកទេស និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Railway Cambodia ដើម្បីដោះស្រាយស្ដារស្ថានភាពនៅកន្លែងកើតហេតុឡើងវិញ និងបានសហការយ៉ាងសកម្មរវាងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការគ្រប់គ្រងការហូរច្រោះនៃប្រេងនេះ គឺជាជំហានដ៏សំខាន់ ដើម្បីធានាថា ផលប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាបបំផុត។

ក្រុមការងារ បានណែនាំឱ្យរៀបចំរណាំងឈើ ចំនួន ៣ ទីតាំងនៅក្នុងប្រឡាយ នៅក្នុងតំបន់កើតហេតុ ដើម្បីទប់ស្កាត់ការហូរសំណល់ប្រេងទៅទីតាំងផ្សេងទៀត ទៀត បន្ទាប់មកត្រូវបូបប្រេងដែលហូរចេញពីទូរថភ្លើង យកទៅទាំងសុវត្ថភាព និងធ្វើការដាក់ពង្រាយចំប៉ើង នៅតាមប្រព័ន្ធទឹកប្រឡាញក្បែរនោះ ងាយស្រួលក្នុងការឃាត់ ចាប់ទុកប្រេងនៅសេសសល់ យកទៅទុកដាក់កន្លែងសុវត្ថិភាព។

ក្រុមការងារក្រសួងបរិស្ថាន និងសហការបន្តជាមួយជ្ញាធរ លើការគ្រប់គ្រងបរិស្ថាននេះ ជាបន្តបន្ទាប់ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ហេតុការណ៍រថភ្លើង ដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ ២៧៧ ស្ថិតក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពិតជាអាចបង្កផល ប៉ះពាល់ដល់បរិស្ថាន និង សុខភាពសាធារណៈ ប្រសិនបើគ្មានវិធានការគ្រប់គ្រង និងទប់ស្កាត់ឱ្យបានទាន់ ពេលវេលានោះទេ។ គ្រោះថ្នាក់នេះបណ្តាល ឱ្យក្រឡាប់ទូរដឹកប្រេងចំនួន៥ ទូរប្រេង រួមមាន៖ ប្រេងម៉ាស៊ូត ៣ទូរ និងប្រេងសាំង ២ទូរ។ ស៊ីទែនប្រេងម៉ាស៊ុតទាំង ៣ មានផ្ទុកប្រេងម៉ាស៊ូតចំនួន ១៨០ ០០០ លីត្រ ។ យោងតាមរបាយការណ៍បឋម ប្រេងម៊ាសូត ប្រមាណ ៩០ ០០០ ទៅ ១០០ ០០០ លីត្រ អាចត្រូវបានលេចចេញ មកខាងក្រៅ ហើយហូរចូលទៅក្នុងប្រឡាយ និងដីនៅក្នុងតំបន់ជុំវិញ៕

To Top