ហេតុអ្វីសិស្សទើបបញ្ចប់ថ្នាក់ទី១២ ត្រូវជ្រើសរើសរៀនជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន?
ភ្នំពេញ៖ ក្រោយទទួលលទ្ធផលបាក់ឌុប សិស្សថ្នាក់ទី១២អាចមានជម្រើសមួយទៀតសម្រាប់អនាគតក្រៅពីការបន្តសិក្សានៅឧត្តមសិក្សា ពោលគឺការជ្រើសរើសជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលផ្តល់អាហារូបករណ៍ រហូតដល់១០០ភាគរយ រៀនទាំងទ្រឹស្តីនិងអនុវត្តផ្ទាល់ ព្រមទាំងមានឱកាសចុះកម្មសិក្សាតាមក្រុមហ៊ុននិងសហគ្រាស ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ។

លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានលើកឡើងថា សិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ មិនគួរមើលរំលងការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នោះទេ ព្រោះ TVET ផ្តល់ឱកាសឱ្យយុវជនកសាងជំនាញ ដែលអាចយកទៅប្រើប្រាស់ក្នុងការងារជាក់ស្តែងបានលឿនរហ័ស។

លោកថ្លែងថា៖«ចំណុចសំខាន់ គឺយើងផ្តល់ឱកាសឱ្យសិស្សទាំងអ្នកដែលជាប់ និងអ្នកដែលធ្លាក់បាក់ឌុប អាចមករៀនជំនាញបាន ហើយមានអាហារូបករណ៍១០០ភាគរយ។ ដូច្នេះ សិស្សអាចជ្រើសរើសជំនាញដែលខ្លួនស្រលាញ់ និងអាចយកទៅប្រើប្រាស់ សម្រាប់ការងារ នាពេលអនាគត»។

លោកបន្តថា ក្រៅពីការជួយសម្រួលលើការចំណាយសិក្សា វិទ្យាស្ថានក៏ផ្តោតលើការបណ្តុះបណ្តាល ដែលមានរយៈពេលសមស្រប និងផ្តោតទៅលើជំនាញអនុវត្ត ដើម្បីឱ្យសិស្សអាចទទួលបានជំនាញក្នុងរយៈពេលសមស្រប និងត្រៀមខ្លួនសម្រាប់ការងារបានកាន់តែឆាប់។

បើតាមលោកនាយក ការរៀន TVET មិនមែនរៀនតែទ្រឹស្តីនោះទេ។ សិស្សត្រូវបានផ្តល់ឱកាសរៀនជាមួយឧបករណ៍ និងសម្ភារៈបច្ចេកទេស ព្រមទាំងអនុវត្តផ្ទាល់នៅក្នុងរោងជាង និងបន្ទប់អនុវត្តរបស់វិទ្យាស្ថាន។

លោកបញ្ជាក់ថា៖ «នៅក្នុងវិទ្យាស្ថាន យើងមានរោងជាង មានឧបករណ៍ និងបន្ទប់កុំព្យូទ័រ សម្រាប់ឱ្យសិស្សអនុវត្តផ្ទាល់។ សិស្សរៀនទាំងទ្រឹស្តី និងអនុវត្ត ដើម្បីឱ្យពួកគេមានជំនាញពិតប្រាកដ មិនមែនចេះតែទ្រឹស្តីទេ»។

ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងសហគ្រាស គឺជាផ្នែកមួយដែលជួយឱ្យសិស្សទទួលបានបទពិសោធន៍មុនចូលទីផ្សារការងារ និងយល់កាន់តែច្បាស់អំពីតម្រូវការរបស់និយោជក។ នេះបើតាមប្រសាសន៍របស់លោក ច្រឹង ណារី។

លោកថា តាមរយៈការរៀនទាំងទ្រឹស្តី និងអនុវត្ត ការប្រើប្រាស់ឧបករណ៍ជាក់ស្តែង ការអនុវត្តនៅក្នុងរោងជាង និងការចុះកម្មសិក្សានៅតាមក្រុមហ៊ុន សិស្សអាចមានឱកាសភ្ជាប់ចំណេះដឹងក្នុងថ្នាក់ទៅនឹងការងារជាក់ស្តែង ដែលជាមូលដ្ឋានសម្រាប់ការកសាងជំនាញ និងបទពិសោធន៍ការងារ៕



