ព័ត៌មានអន្តរជាតិ

រុស្ស៊ីបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែន ជាង ១,៦០០គ្រឿង រួមទាំងយន្តហោះចំនួន ៤៥០ គ្រឿងដែលហោះឆ្ពោះទៅកាន់ទីក្រុងមូស្គូ

បរទេស៖ អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ដ៏ធំបំផុតរបស់អ៊ុយក្រែនមកលើតំបន់ទីក្រុងមូស្គូ រហូតមកទល់ពេលនេះ បានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងធ្វើឱ្យខូចខាតផ្នែកខ្លះនៃរោងចក្រចម្រាញ់ប្រេងនៅក្នុងរដ្ឋធានី ខណៈដែលប្រទេសរុស្ស៊ីកំពុងបោះឆ្នោតនៅថ្ងៃចុងក្រោយនៃការបោះឆ្នោតសភា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា អ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមក ទោះបីជាមានការប្រកាសពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទថា ភាគីទាំងពីរបានយល់ព្រមបញ្ឈប់សកម្មភាពនេះក៏ដោយ។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានថ្លែងនៅលើបណ្តាញ Telegram របស់លោកថា រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាង ១,៦០០ គ្រឿង ចាប់តាំងពីថ្ងៃសៅរ៍មក រួមទាំងយន្តហោះចំនួន ៤៥០ គ្រឿងដែលហោះឆ្ពោះទៅកាន់ទីក្រុងមូស្គូ។

លោកបានមានប្រសាសន៍ថា «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនេះ ត្រូវបានរៀបចំផែនការយ៉ាងច្បាស់លាស់ក្នុងគោលបំណងរំខានដល់ដំណើរការបោះឆ្នោត ប៉ុន្តែភាគីម្ខាងទៀតមិនអាចសម្រេចគោលបំណងនេះបានឡើយ»។

លោកបានបន្តថា យន្តហោះគ្មានមនុស្សបើកមួយចំនួនបានហោះទៅដល់បរិវេណរោងចក្រចម្រាញ់ប្រេង ហើយមួយគ្រឿងបានបុកចំអគារអាផាតមិនមួយកន្លែង។

លោក Andrei Vorobyov អភិបាលតំបន់ បានឱ្យដឹងតាមរយៈ Telegram ថា មនុស្ស ២ នាក់បានស្លាប់នៅក្នុងការវាយប្រហារនៅពេលព្រឹកព្រលឹម ហើយម្នាក់ទៀតបានស្លាប់នៅពេលក្រោយមកទៀតនៅមន្ទីរពេទ្យ ដោយសាររបួសដែលទទួលបានពីការវាយប្រហារនោះ។

ប្រែសម្រួលៈ ណៃ តុលា

To Top