ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ចង់បានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ខណៈកំពុងមានកិច្ចខិតខំប្រឹងប្រែង​ ដើម្បីបន្តកិច្ចចរចាឡើងវិញ

ដូហា៖​ លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានឧ្យដឹងថា ប្រទេសកាតា​ កំពុងធ្វើការជាមួយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបន្តកិច្ចចរចាឡើងវិញ ដោយលោក បានកត់សម្គាល់ថា មន្ត្រីអាមេរិកបានបង្ហាញពីបំណង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។

ថ្លែងនៅក្រៅកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចកាតា (Qatar Economic Forum) ក្នុងទីក្រុងញូវយ៉ក លោក Al Ansari បានឧ្យដឹងថា ប្រទេសកាតា​ បានផ្លាស់ប្តូរយោបល់ជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងគោលបំណងចាប់ផ្តើមការចរចាឡើងវិញ។

លោកលេីកឡេីងថា៖ «យើងកំពុងធ្វើការរួមគ្នាជាមួយភាគីទាំងទីក្រុងតេអេរ៉ង់ និងសហរដ្ឋអាមេរិក តាមរយៈក្រុមសម្របសម្រួលរបស់យើង ដើម្បីពិនិត្យមើលថាតើយើងអាចចាប់ផ្តើមដំណើរការនេះឡើងវិញបានដែរឬទេ។ មានការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកជាច្រើន»។ លោកបានបន្ថែមថា ប្រទេសកាតា​ កំពុងព្យាយាម «ផ្សារភ្ជាប់គម្លាត និងស្វែងរកពេលវេលាដ៏ត្រឹមត្រូវ​ ដើម្បីឈានទៅមុខ»។

លោកបានបន្ដថា «យើងបានឮសេចក្តីថ្លែងការណ៍ជាផ្លូវការពីមន្ត្រីរដ្ឋបាលជាច្រើន ដែលបានបញ្ជាក់ថា សហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងមួយ ហើយសហរដ្ឋអាមេរិកចង់បានដំណោះស្រាយចំពោះសង្គ្រាមនេះ»។

លោកបានបន្ថែមថា ការដោះស្រាយណាមួយគួរតែផ្តល់នូវស្ថិរភាពក្នុងតំបន់ ព្រមទាំងបង្កើតការយល់ដឹងជាអន្តរជាតិដើម្បីការពារផ្លូវទឹកយុទ្ធសាស្ត្រ រួមទាំងច្រកសមុទ្រហ័រមូស ផងដែរ៕

To Top