ព័ត៌មានអន្តរជាតិ

បេីទោះជាកំពុងមានភាពតានតឹង នៅយេម៉ែន​ ប៉ន្ដែអាមេរិក​ នឹងមិនបើកការវាយប្រហារ បែបវាយលុក​ ទៅលើក្រុមហ៊ូធី នោះទេ​

វ៉ាស៊ីនតោន៖ យោងតាមសេចក្តីរាយការណ៍ របស់ CNN ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ បានឱ្យដឹងថា កងទ័ពអាមេរិកនឹងមិនបើកការវាយប្រហារ បែបវាយលុក ប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែ​ននោះទេ​ បេីទោះបីជាស្ថានភាព នៅក្នុងប្រទេសនេះកំពងតានតឹង។

សេចក្តីរាយការណ៍បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក គឺមានកម្រិតត្រឹមតែការផ្តល់ព័ត៌មានសម្ងាត់ និងទិន្នន័យកំណត់គោលដៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមហ៊ូធីប៉ុណ្ណោះ។

ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន​ បានបង្កើនការចែករំលែកព័ត៌មានប្រភេទនេះជាមួយទីក្រុងរីយ៉ាដ។ សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា សេតវិមានជឿជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក​ កំពុងផ្តល់ការគាំទ្រទាំងអស់ដែលចាំបាច់ដល់អារ៉ាប៊ីសាអូឌីត ដើម្បីប្រឈមមុខនឹងក្រុមហ៊ូធី។
មន្ត្រីអាមេរិកម្នាក់ត្រូវបានគេដកស្រង់សម្តីមកថា «គ្មានការវាយប្រហារបែបវាយលុកនោះទេ»។

លោក Alex Plitsas អតីតមន្ត្រីម្នាក់នៅមន្ទីរបញ្ចកោណបានឧ្យដឹងនៅលើបណ្តាញព័ត៌មាន CNN កាលពីពេលមុននេះថា លោកទទួលបានព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានបើកកិច្ចប្រជុំមួយនៅ Camp David កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សា និងពិនិត្យមើលជម្រើសនានា សម្រាប់ការវាយប្រហារនៅក្នុងប្រទេសយេម៉ែន ។ ទោះជាយ៉ាងណាក៏ដោយ សេតវិមាន និងមន្ទីរបញ្ចកោណ​ មិនទាន់បានបញ្ជាក់ជាសាធារណៈ អំពីការអះអាងនេះនៅឡើយទេ៕

To Top