Feature

អាជ្ញាធរមីន និងNPA ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Rune Kristian Dale-Andresen នាយកផ្នែកអន្តរជាតិ និងលោក Hans Peter Risser នាយកប្រចាំប្រទេស នៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស (NPA) ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ NPA ដែលបាន​ឈរ​ជាមួយ​កម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍ និង​បន្ត​ដើរ​តួនាទី​ជាដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ក្នុងការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។

លោក បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយ NPA ដើម្បីគាំទ្របេសកកម្មមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការកសាងកម្ពុជាមួយ ដែលគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ព្រមទាំងធានាសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតប លោក Rune Kristian Dale-Andresen បានបញ្ជាក់ថា NPA ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងវិស័យសកម្មភាពមីន និងប្តេជ្ញាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងបេសកកម្មមនុស្សធម៌របស់សម្តេចធិបតី សម្រាប់អនាគតកម្ពុជាមួយដែលមានសុវត្ថិភាព និងគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

លោក Rune Kristian Dale-Andresen បានបញ្ជាក់បន្ថែមថា ទោះបីវិស័យសកម្មភាពមីននៅទូទាំងពិភពលោក កំពុងប្រឈមនឹងការកាត់បន្ថយថវិកា គាំទ្រក៏ដោយ ក៏កម្ពុជានៅតែជាប្រទេសដែល NPA បន្តផ្តល់ការគាំទ្រ៕

To Top