ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ព្រមានពីការវាយប្រហារដ៏ឈឺចាប់​ ប្រសិនបើអាមេរិក និងបណ្តាប្រទេសក្នុងតំបន់ប្រព្រឹត្តកំហុសណាមួយ

តេអេរ៉ង់៖ បញ្ជាការដ្ឋានយោធាដ៏សំខាន់របស់អ៊ីរ៉ង់ គឺទីបញ្ជាការកណ្តាល Khatam al-Anbiya បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក និង ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាប្រព្រឹត្តកំហុសណាមួយ ពួកគេនឹងក្លាយជាគោលដៅ នៃការវាយប្រហារដ៏ “ឈឺចាប់”។

ទីបញ្ជាការនេះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា ខ្លួនមានព័ត៌មានសម្ងាត់ដែលបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំថ្មីៗនេះនៅអឺរ៉ុប ដើម្បីបន្តសកម្មភាពប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយមានការគាំទ្រពីប្រទេសក្នុងតំបន់មួយចំនួន។

ស្ថាប័ននេះបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក​ ប្រព្រឹត្តកំហុសណាមួយប្រឆាំងនឹងអ៊ីរ៉ង់ នោះមូលដ្ឋានទ័ព និងផលប្រយោជន៍ទាំងអស់របស់ខ្លួននៅក្នុងតំបន់នឹងក្លាយជាគោលដៅនៃការវាយប្រហារ “ជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធភាព និងឈឺចាប់ ដោយគ្មានការកំណត់ ឬការរឹតត្បិតណាមួយឡើយ”។

ទីបញ្ជាការនេះក៏បានព្រមានផងដែរថា ប្រសិនបើបណ្តារដ្ឋក្នុងតំបន់បន្តនូវអ្វីដែលខ្លួនហៅថា គោលនយោបាយស្តង់ដារពីរ ចំពោះអ៊ីរ៉ង់ និងចូលរួមជាមួយ “ការឈ្លានពាន” របស់សហរដ្ឋអាមេរិក នោះពួកគេ “លែងអាចរំពឹងថានឹងមានការអត់ធ្មត់ ឬការយោគយល់ពីកងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់ទៀតហើយ”។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីកិច្ចប្រជុំមួយ នៅប្រទេសអាល្លឺម៉ង់ រវាងមេបញ្ជាការយោធាជាន់ខ្ពស់ ​មកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងរដ្ឋអារ៉ាប់មួយចំនួន រួមមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម បារ៉ែន គុយវ៉ែត កាតា ហ្ស៊កដង់ និងអេហ្ស៊ីប ដើម្បីពិភាក្សាអំពីសង្គ្រាមជាមួយអ៊ីរ៉ង់ និងភាពតានតឹងក្នុងតំបន់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top