ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអាមេរិក​ ផ្លាស់ប្តូរការគំរាមកំហែងថ្មីៗដាក់គ្នា ខណៈលោក​ ត្រាំ ព្រមានថា អ៊ីរ៉ង់នឹងជួបការបរាជ័យផ្នែកសេដ្ឋកិច្ច​ ឬមេដឹកនាំរបស់ខ្លួនត្រូវបានសម្លាប់

តេអេរ៉ង់៖​ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរការគំរាមកំហែងថ្មីៗដាក់គ្នា ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់នឹងជួបបរាជ័យផ្នែកសេដ្ឋកិច្ច ឬប្រឈមមុខនឹងការបំផ្លាញថ្នាក់ដឹកនាំរបស់ខ្លួនចោល ប្រសិនបើមិនព្រមឈានដល់កិច្ចព្រមព្រៀងណាមួយ ខណៈដែលយោធាអ៊ីរ៉ង់​ បានអះអាងថា ខ្លួននឹងសងសឹកយ៉ាងធ្ងន់ធ្ងរ​ ចំពោះការវាយប្រហារថ្មីណាមួយ។

ជម្លោះនេះហាក់ដូចជាជាប់គាំង អស់រយៈពេលជាច្រើនខែមកហើយ ដោយគ្មានសញ្ញាណាមួយបង្ហាញថា ​ភាគីណាមួយត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលគ្នាឡើយ ទោះបីជាវាបានធ្វើឱ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរ បំផ្លាញផ្នែកសំខាន់ៗនៃសេដ្ឋកិច្ចអ៊ីរ៉ង់ និងបង្កឱ្យមានការកើនឡើង នៃភាពតានតឹងថ្មីៗនៅក្នុងតំបន់ក៏ដោយ។

អ្នកយកព័ត៌មានរបស់ទូរទស្សន៍ Fox News បានរាយការណ៍ថា នៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយពួកគេ លោក ត្រាំ បានឧ្យដឹងថា ថ្នាក់ដឹកនាំអ៊ីរ៉ង់​ គួរតែឈានដល់កិច្ចព្រមព្រៀងមួយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវរលាយហិនហោច ផ្នែកសេដ្ឋកិច្ច ឬត្រូវបំផ្លាញចោលតែម្តង។

ទោះជាយ៉ាងណាក៏ដោយ អ្នកយកព័ត៌មានរបស់ Fox News ដដែលនោះបានបន្ថែមថា ដោយសារប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian​ ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងញូវយ៉ក​ នៅសប្តាហ៍នេះ ដើម្បីចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ លោក ត្រាំ បានឧ្យដឹងថា លោកបើកចំហចំពោះលទ្ធភាព នៃការជួបពិភាក្សា ជាមួយមេដឹក នាំរូបនេះ។

លោក ត្រាំ ​ធ្លាប់បានធ្វើការគំរាមកំហែង មិនច្បាស់លាស់​ជាច្រើន ដងអំពីការបង្កើនសកម្មភាពយោធា​ទ្រង់ទ្រាយធំក្នុងអំឡុងពេលជម្លោះនេះ ដែលបានចាប់ផ្តើមឡើងជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្តែលោកមិនបានអនុវត្តការគំរាមកំហែងទាំងនោះជាក់ស្តែងឡើយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top