ព័ត៌មានអន្តរជាតិ

ការដឹកជញ្ជូនប្រេងឆ្លង កាត់ច្រកសមុទ្រហ័រមូស នៅតែបន្តដំណើរការ ប៉ុន្តែស្ថិតក្នុងតម្លៃខ្ពស់

តេអេរ៉ង់៖​ ប្រព័ន្ធដឹកជញ្ជូនប្រេងបែបថ្មីមួយ កំពុងផ្លាស់ប្តូរទម្រង់នៃទីផ្សារប្រេងនៅតំបន់មជ្ឈិមបូព៌ា ខណៈដែលក្រុមអ្នកផលិតព្យាយាម រក្សាដំណើរការនៃការនាំចេញឱ្យនៅតែបន្ត ទោះបីជាមានជម្លោះក្នុង តំបន់ដែលកំពុងកើនឡើងក្តី។ សំណួរនៅពេលនេះ​ គឺថា តើដំណើរការដ៏ស្មុគស្មាញ និងមានតម្លៃខ្ពស់នេះ គ្រាន់តែជាវិធានការបណ្តោះអាសន្ន ឬជាស្ថានភាពធម្មតាថ្មី​ សម្រាប់ទីផ្សារថាមពលសកល។

នៅចម្ងាយពីរបីម៉ាយពីឆ្នេរសមុទ្រប្រទេសអូម៉ង់ ស្ថិតនៅភាគខាងត្បូង នៃច្រកសមុទ្រហ័រមូស មាននាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចតនៅទីនោះ ។ នាវាជាច្រើនគ្រឿងចតនៅក្បែរៗគ្នា ដោយមានខ្សែពួរ និងបំពង់តភ្ជាប់គ្នា ដើម្បីផ្ទេរប្រេងឆៅ ពីនាវាមួយទៅនាវាមួយទៀត ដែលបង្កើតបានជាស្ពានអណ្តែត ទឹកមួយតភ្ជាប់រវាងតំបន់ផលិតប្រេងនៅមជ្ឈិមបូព៌ា និងទីផ្សារសកល។

ការផ្ទេរទំនិញពីនាវាទៅនាវា (STS) បានក្លាយជាខ្សែជីវិតដ៏សំខាន់​ សម្រាប់អ្នកផលិតនៅក្នុងតំបន់ឈូងសមុទ្រ ស្របពេលដែលពួកគេសម្របខ្លួនទៅនឹងការរំខាននានាដែលបង្កឡើងដោយជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដែលបច្ចុប្បន្នកំពុងឈានចូលដល់ខែទី៧​ ហើយ។

នៅពេលផ្ទុកទំនិញរួចរាល់ នាវាដឹកប្រេងនឹងផ្តាច់ការតភ្ជាប់ ហើយធ្វើដំណើរទៅកាន់គោលដៅរបស់ខ្លួន ដែលជាធម្មតាគឺរោងចក្រចម្រាញ់ប្រេងនៅក្នុងទ្វីបអាស៊ី។ បន្ទាប់មក នាវាធំ (ឬនាវាគោល) នឹងត្រឡប់ទៅកាន់តំបន់ឈូងសមុទ្រវិញតាមរយៈច្រកសមុទ្រហ័រមូស​ ដើម្បីផ្ទុកទំនិញឡើងវិញ និងធ្វើបែបបទដដែលនេះម្តងទៀត។

ប្រព័ន្ធនេះជួយកាត់បន្ថយចម្ងាយ ដែលនាវាត្រូវធ្វើដំណើរ និងកាត់បន្ថយហានិភ័យ នៃការឆ្លងកាត់ច្រកសមុទ្រ ទោះបីជាមាននាវាដឹកប្រេងកាន់តែច្រើនឡើង កំពុងធ្វើដំណើរឆ្លងកាត់ច្រកតូចចង្អៀតមួយ តាមបណ្តោយឆ្នេរសមុទ្រប្រទេសអូម៉ង់ ក្រោមការការពារពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយនាវាទាំងនោះបានបិទប្រព័ន្ធរុក រករបស់ខ្លួនក៏ដោយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top