វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម ផ្តោតលើការបណ្តុះបណ្តាល ជំនាញសម្រាប់ការងារ និងអាជីពជាក់ស្តែង
កំពង់ចាម៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម ជាគ្រឹះស្ថានរដ្ឋតែមួយគត់ ក្នុងខេត្តដែលផ្តល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញ ដែលទីផ្សារការងារត្រូវការ ផ្សារភ្ជាប់ការរៀន ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សមានសមត្ថភាពពិតប្រាកដ និងមានឱកាសការងារ កាន់តែច្បាស់។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ចំណុចពិសេសរបស់វិទ្យាស្ថាន គឺការផ្តោតលើ «ជំនាញសម្រាប់ការងារ» ដោយសិស្សមិនត្រឹមតែរៀន ទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែទទួលបានការ អនុវត្តផ្ទាល់ជាមួយឧបករណ៍ និងបរិក្ខារបច្ចេកទេស ព្រមទាំងការណែនាំពីគ្រូ និងអ្នកជំនាញ ដើម្បីបង្កើនជំនាញ និងទំនុកចិត្តមុនចូលប្រឡូកក្នុងពិភពការងារ។

លោកនាយកមានប្រសាសន៍ថា៖ «យើងផ្តោតលើជំនាញសម្រាប់ការងារ ឱ្យសិស្សមានសមត្ថភាពពិតប្រាកដ ស្របតាមតម្រូវការរបស់ទីផ្សារការងារ និងសង្គម»។
លោកបានបន្តថា វិទ្យាស្ថានក៏ខិតខំបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សហគ្រាស និងដៃគូពាក់ព័ន្ធ ដើម្បីផ្តល់ឱកាសឱ្យសិស្សចុះកម្មសិក្សា ហាត់ការ និងអនុវត្តការងារជាក់ស្តែង ព្រមទាំងបង្កើនឱកាសទទួលបានការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

ជាមួយគ្នានេះ វិទ្យាស្ថានមានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធាន និងក្រុមប្រឹក្សាផ្តល់យោបល់ ដែលមានប្រធានសភាពាណិជ្ជកម្មខេត្តជាប្រធាន ដើម្បីចូលរួមគាំទ្រ និងផ្សារភ្ជាប់ការបណ្តុះបណ្តាលជំនាញជាមួយតម្រូវការរបស់ទីផ្សារការងារផងដែរ។
បើតាមលោកនាយក សម្រាប់ការជួយសម្រួលដល់សិស្ស វិទ្យាស្ថានក៏ផ្តល់កន្លែងស្នាក់នៅ ទឹក និងភ្លើងដោយមិនគិតថ្លៃ។ លោក ហាវ ធិន បានបញ្ជាក់ថា ការបណ្តុះបណ្តាលមិនត្រឹមតែមានគោលដៅឱ្យសិស្សមានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានសមត្ថភាពបង្កើតមុខរបរ និងឈានទៅជាសហគ្រិនផងដែរ៕
