គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ នឹងអនុម័តលើការបញ្ចុះតម្លៃប្រេងឥន្ធនៈ ហើយនឹងចាប់ផ្តើមអនុវត្តវិធានការនេះនៅថ្ងៃទី ១ ខែតុលា
បេទេស៖ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់គ្រោង នឹងអនុម័តលើផែនការ បញ្ចុះតម្លៃប្រេងសាំងនៅថ្ងៃចន្ទ ហើយនឹងចាប់ផ្តើមអនុវត្តវិធានការនេះ នៅថ្ងៃទី ១ ខែតុលា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធត្រូវបាន បញ្ចប់ជាស្ថាពរនៅចុងសប្តាហ៍កន្លងទៅ ហើយរំពឹងថានឹងត្រូវបានអនុម័ត ដោយសភាទាំងពីរនៅពេលក្រោយក្នុងសប្តាហ៍នេះ។
រដ្ឋាភិបាលបានទទួលរងសម្ពាធឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស មុនពេលការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៊ែរឡាំង និង នៅរដ្ឋ Mecklenburg-Western Pomerania ភាគឦសាននៃប្រទេស ដែលជាកន្លែង ដែលគណបក្សអភិរក្សនិយម របស់លោក Friedrich Merz បានជួបប្រទះនឹងបរាជ័យដ៏ធ្ងន់ធ្ងរបំផុត ក្នុងការបោះឆ្នោតថ្នាក់តំបន់ ក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់ សម័យក្រោយសង្គ្រាម។
កាលពីថ្ងៃសុក្រ រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងកាត់បន្ថយពន្ធលើប្រេងសាំង និងប្រេងម៉ាស៊ូតចំនួន ០,១៧ អឺរ៉ូ (០,២០ ដុល្លារ) ក្នុងមួយលីត្រ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីលោក Merz បានសន្យាផ្តល់ការសម្រាលបន្ទុកដល់អ្នកប្រើប្រាស់ និងអាជីវកម្មនានា ដែលរងផលប៉ះពាល់ដោយសារការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក។
នៅក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំរបស់រដ្ឋាភិបាល អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានលើកឡើងថា គោលបំណងគឺ ដើម្បីទាញយកថវិកា ដែលបានបាត់បង់នោះមកវិញ តាមរយៈការយកពន្ធលើប្រាក់ចំណេញ លើសកម្រិត ដែលរកបានដោយក្រុមហ៊ុនថាមពលនានា។
