ចិន ពង្រីកវិធានការគ្រប់គ្រងការនាំចេញសារធាតុគីមី ដែលជាវត្ថុធាតុដើម ទៅកាន់សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា
ប៉េកាំង៖ អាជ្ញាធរចិន បានប្រកាសអំពីការកែសម្រួលបញ្ជីគ្រប់គ្រងការនាំចេញសារធាតុគីមីដែលជាវត្ថុធាតុដើម (precursor chemicals) ទៅកាន់សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយបានបង្កើនចំនួនសារធាតុគីមី ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតនាំចេញ ពី ១៦ មុខ ទៅ ១៨ មុខ។
សារធាតុចំនួនពីរត្រូវបានបន្ថែមទៅក្នុងបញ្ជីគ្រប់គ្រងការនាំចេញ សម្រាប់ប្រទេសទាំងបីនេះ។ យោងតាមបទប្បញ្ញត្តិ ដែលបានធ្វើបច្ចុប្បន្នភាព អ្នកនាំចេញត្រូវតែស្នើសុំលិខិតអនុញ្ញាត នៅពេលនាំចេញសារធាតុគីមី ណាមួយក្នុងចំណោមសារធាតុទាំង ១៨ មុខដែលបានចុះបញ្ជី រួមទាំងទម្រង់ជាអំបិល របស់សារធាតុទាំងនោះ ទៅកាន់ប្រទេសទាំងបីខាងលើ។
សេចក្តីប្រកាសនេះក៏រក្សាទុកនូវតម្រូវការលិខិតអនុញ្ញាត សម្រាប់ការនាំចេញសារធាតុគីមីចំនួន ៤១ មុខដែលបានចុះបញ្ជី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឡាវ និងអាហ្វហ្គានីស្ថានផងដែរ។ យោងតាមសេចក្តីប្រកាស ការនាំចេញសារធាតុទាំងនេះទៅកាន់ប្រទេស និងតំបន់ផ្សេងទៀត មិនតម្រូវឱ្យមានលិខិតអនុញ្ញាតបែបនេះទេ។
ក្រសួងពាណិជ្ជកម្មចិន ក្រសួងសន្តិសុខសាធារណៈ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន អគ្គនាយកដ្ឋានគយ និងរដ្ឋបាលជាតិគ្រប់គ្រងផលិតផលវេជ្ជសាស្ត្រ បានប្រកាសរួមគ្នាអំពីការកែសម្រួលនេះ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃដែលបានប្រកាស៕
ប្រែសម្រួល ឈូក បូរ៉ា
