ចិន ព្រមានកុំឱ្យមានការបង្វែរទិសដៅ សារធាតុគីមីចំនួនពីរ សម្រាប់ការផលិតគ្រឿងញៀន
ប៉េកាំង៖ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ប្រទេសចិន បានចេញការព្រមាន ដល់ក្រុមហ៊ុន និងបុគ្គលនានា ឱ្យទប់ស្កាត់កុំឱ្យមានការបង្វែរទិសដៅ សារធាតុគីមីចំនួនពីរ គឺ medetomidine និង tartaric acid ទៅប្រើប្រាស់ក្នុងការ ផលិតគ្រឿងញៀន ។
ការិយាល័យនៃគណៈកម្មការជាតិ គ្រប់គ្រងគ្រឿងញៀនរបស់ចិន បានជំរុញឱ្យអាជីវកម្ម និងបុគ្គលនានាគោរពយ៉ាង តឹងរ៉ឹងនូវការព្រមានដែលបានចេញផ្សាយពីមុនដោយការិយាល័យនេះ នៅពេលដោះស្រាយជាមួយសារធាតុទាំងនោះ និងត្រូវទប់ស្កាត់កុំឱ្យសារធាតុទាំងនេះធ្លាក់ចូលទៅក្នុងបណ្តាញខុសច្បាប់។
ការិយាល័យនេះបានបញ្ជាក់ថា ក្រុមហ៊ុន និងបុគ្គលនានាត្រូវតែគោរពតាមច្បាប់ និងបទប្បញ្ញត្តិទាំងរបស់ចិន និងបរទេស នៅពេលធ្វើអាជីវកម្ម ឬនាំចេញសារធាតុគីមីទាំងនេះ។
ពាក់ព័ន្ធនឹងសារធាតុគីមី អាជ្ញាធរចិន បានប្រកាសអំពីការកែសម្រួលបញ្ជីគ្រប់គ្រង ការនាំចេញសារធាតុគីមីដែលជាវត្ថុធាតុដើម (precursor chemicals) ទៅកាន់សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយបានបង្កើនចំនួនសារធាតុគីមីដែលតម្រូវឱ្យមានលិខិតអនុញ្ញាតនាំចេញ ពី ១៦ មុខ ទៅ ១៨ មុខ។
សារធាតុចំនួនពីរត្រូវបានបន្ថែមទៅក្នុងបញ្ជីគ្រប់គ្រងការនាំចេញ សម្រាប់ប្រទេសទាំងបីនេះ។ យោងតាមបទប្បញ្ញត្តិ ដែលបានធ្វើបច្ចុប្បន្នភាព អ្នកនាំចេញត្រូវតែស្នើសុំលិខិតអនុញ្ញាតនៅពេលនាំចេញសារធាតុគីមីណាមួយក្នុងចំណោមសារធាតុទាំង ១៨ មុខដែលបានចុះបញ្ជី រួមទាំងទម្រង់ជាអំបិល របស់សារធាតុទាំងនោះ ទៅកាន់ប្រទេសទាំងបីខាងលើ។
សេចក្តីប្រកាសនេះក៏រក្សាទុកនូវតម្រូវការលិខិតអនុញ្ញាត សម្រាប់ការនាំចេញសារធាតុគីមីចំនួន ៤១ មុខដែលបានចុះបញ្ជី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឡាវ និងអាហ្វហ្គានីស្ថានផងដែរ។ យោងតាមសេចក្តីប្រកាស ការនាំចេញសារធាតុទាំងនេះទៅកាន់ប្រទេស និងតំបន់ផ្សេងទៀត មិនតម្រូវឱ្យមានលិខិតអនុញ្ញាតបែបនេះទេ។
ក្រសួងពាណិជ្ជកម្មចិន ក្រសួងសន្តិសុខសាធារណៈ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន អគ្គនាយកដ្ឋានគយ និងរដ្ឋបាលជាតិគ្រប់គ្រង ផលិតផលវេជ្ជសាស្ត្រ បានប្រកាសរួមគ្នាអំពីការកែសម្រួលនេះ ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃដែលបានប្រកាស៕
