បណ្តាញទូរទស្សន៍ធំៗ ប្រកាសឈរខាង CNN និងបដិសេធមិនចាត់ក្រុមការងារ ជំនួសនៅសេតវិមាន
បរទេស៖ បណ្តាញទូរទស្សន៍ធំៗ នៅសហរដ្ឋអាមេរិក បានប្រកាសឈរនៅខាង សារព័ត៌មាន CNN ដោយបដិសេធមិន ព្រមបញ្ជូនក្រុមការងាររបស់ខ្លួន ទៅជំនួសតួនាទីក្រុមការងារយកព័ត៌មានរួម (Pool Crew) របស់ CNN ប្រចាំសេតវិមាននោះទេ បន្ទាប់ពីរដ្ឋ បាលលោក ត្រាំ (Trump) បានហាមឃាត់បណ្តាញព័ត៌មាន មួយនេះមិនឱ្យបំពេញភារកិច្ចរបស់ខ្លួនកាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយ ស្ថាប័នព័ត៌មានធំៗរួមមាន ABC, CBS, CNN, Fox News និង NBC បានលើកឡើងថា៖ «សាធារណជនមានផលប្រយោជន៍ដ៏សំខាន់ ក្នុងការទទួលបានព័ត៌មានរដ្ឋាភិបាលដែលសុក្រឹត និងឯករាជ្យ។ គ្មានរដ្ឋបាលណាមួយគួររឹតត្បិតស្ថាប័នព័ត៌មានណាមួយ ដោយគ្រាន់តែខ្លួនមិនពេញចិត្តនឹងការរាយការណ៍ព័ត៌មានរបស់ស្ថាប័ននោះឡើយ»។
សេចក្តីសម្រេចនេះមានន័យថា ក្រុមបណ្តាញ ទូរទស្សន៍រួម (Shared TV Pool) នឹងមិនចុះយកព័ត៌មានក្នុងព្រឹត្តិការណ៍ នានារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានកំណត់សម្រាប់តែក្រុមអ្នកសារព័ត៌មានតំណាង (Pool Coverage) នោះឡើយ។ នេះបើយោងតាមអ៊ីមែលកាលពីថ្ងៃចន្ទ ពីលោក Bryan Boughton ប្រធានការិយាល័យសារព័ត៌មាន Fox News ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដែលបច្ចុប្បន្នជាប្រធានសហការីនៃក្រុម Pool នេះ។
លោក Boughton បានសរសេរបញ្ជាក់ទៅកាន់សមាជិកបណ្តាញទូរទស្សន៍ដទៃទៀតថា៖ «ចំណាត់ការនេះគឺធ្វើឡើងបន្ទាប់ពីគោលជំហររបស់សេតវិមាន ដែលបានរារាំង CNN មិនឱ្យបំពេញភារកិច្ចជាក្រុមការងារ Pool របស់ខ្លួន។ ហេតុនេះ នឹងគ្មានការចាត់តាំងក្រុមណាមួយមកជំនួសនោះទេ ហើយចាប់ពីថ្ងៃនេះតទៅ ក្រុមទូរទស្សន៍រួមនឹងមិនចុះយកព័ត៌មានព្រឹត្តិការណ៍នានារបស់ប្រធានាធិបតីទៀតឡើយ»។
គួរជម្រាបថា ក្រោមការរៀបចំដែលមានតាំងពីយូរលង់ណាស់មកហើយ បណ្តាញទូរទស្សន៍ទាំង ៥ ខាងលើ តែងតែផ្លាស់ប្តូរវេនគ្នាថតសកម្មភាពរបស់ប្រធានាធិបតី រួចផ្តល់វីដេអូផ្សាយបន្តផ្ទាល់ទៅគ្នាទៅវិញទៅមក ព្រមទាំងចែករំលែកដល់បណ្តាញអ្នកសារព័ត៌មានផ្សេងៗទៀតយ៉ាងទូលំទូលាយ។ ស្ថានីយទូរទស្សន៍ក្នុងស្រុក គេហទំព័រកាសែត និង បណ្តាញផ្សព្វផ្សាយនានានៅទូទាំងពិភពលោក គឺពឹងផ្អែកលើការចុះយក ព័ត៌មានប្រចាំថ្ងៃតាមរយៈប្រព័ន្ធនេះ។
ប្រែសម្រួល៖ គីរី
