ព័ត៌មានអន្តរជាតិ

អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani រិះគន់កិច្ចព្រមព្រៀង រួមបញ្ចូលគ្នារវាង Paramount និង WBD ថាជា «ជាបញ្ហាដ៏អាម៉ាស់ នៃអំពើពុករលួយ» ក្នុងទំហំទឹកប្រាក់ ១១១ ពាន់លានដុល្លារ

​ញូវយ៉ក ៖ អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានចេញមុខរិះគន់យ៉ាងចាស់ដៃចំពោះ «ថ្នាក់ដឹកនាំសហព័ន្ធ» ដែលគាំទ្រការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយយក្ស Paramount និង Warner Bros. Discovery (WBD) ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបពិភាក្សាការងារ ប្រកបដោយភាពស្និទ្ធស្នាលជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Deadline ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

​លោក Mamdani បានបង្ហោះសារ លើបណ្តាញសង្គម X កាលពីថ្ងៃអង្គារថា៖ «សហរដ្ឋអាមេរិកមានសេរីភាព ពេញលេញបាន លុះត្រាតែប្រព័ន្ធផ្សព្វផ្សាយមានការប្រកួតប្រជែង ប្រកបដោយឯករាជ្យភាព និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។ ការច្របាច់បញ្ចូលគ្នានេះ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សេរីភាពទាំងនោះ ហើយថែមទាំងប្រគល់អំណាចកាន់តែខ្លាំងដល់មហាសេដ្ឋី ដូចជាលោក David Ellison ក្នុងការកំណត់នូវអ្វីដែលប្រជាជនអាមេរិកអាចមើល និងស្តាប់បាន ខណៈដែលមេដឹកនាំសហព័ន្ធដែលបានជំរុញកិច្ចព្រមព្រៀងនេះ កំពុងគេចផុតពីការឃ្លាំមើល»។

​លោក Mamdani ក៏បានសម្តែងការកោតសរសើរចំពោះអគ្គមេធាវីរដ្ឋញូវយ៉ក លោកស្រី Letitia James សម្រាប់ការខិតខំការពារផល ប្រយោជន៍ដល់កម្មករ និយោជិត ប៉ុន្តែលោកបានបញ្ចប់សារ របស់លោកដោយពាក្យ សម្តីរិះគន់យ៉ាងធ្ងន់ៗលើដំណើរការអនុម័តផ្លូវច្បាប់ថា៖ «ការសម្រេចចិត្តនេះ គឺជាវិមានដ៏អាម៉ាស់នៃអំពើពុករលួយ និងជាការក្បត់ដែលប្រជាជនអាមេរិកនឹងមិនងាយបំភ្លេចបានឡើយ»។

​កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ១១១ ពាន់លានដុល្លារ ប្រតិកម្មនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Paramount បានឈានដល់កិច្ចព្រមព្រៀងសម្រុះសម្រួលជាមួយអគ្គមេធាវីមកពីរដ្ឋចំនួន ១២ រួមទាំងរដ្ឋញូវយ៉ក ព្រមទាំងសមាគមអ្នកនិពន្ធអាមេរិក (Writers Guild of America) ជុំវិញបណ្តឹងប្រឆាំងការផ្តាច់មុខ (Antitrust) ដែលបានប្តឹងកាលពីខែកក្កដាកន្លងទៅ។ កិច្ចព្រមព្រៀងនេះបានដកចេញនូវឧបសគ្គផ្លូវច្បាប់ចុងក្រោយ ដែលបើកផ្លូវឱ្យ Paramount បញ្ចប់ប្រតិបត្តិការទិញ-លក់ ក្នុងទំហំទឹកប្រាក់រហូតដល់ ១១១ ពាន់លានដុល្លារ ដែលជាព្រឹត្តិការណ៍ផ្លាស់ប្តូរមុខមាត់ ឧស្សាហកម្មភាពយន្តហូលីវូដទាំងមូល និងអាចនាំឱ្យមានការកាត់បន្ថយ បុគ្គលិកទ្រង់ទ្រាយធំផងដែរ។

​ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់បានបញ្ចេញមតិជាសាធារណៈលើកិច្ចព្រមព្រៀងនេះក៏ដោយ លោក Larry Ellison ដែលជាមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Oracle និងជាឪពុក របស់នាយកប្រតិបត្តិ David Ellison ត្រូវបានគេស្គាល់ថាជាអ្នកផ្តល់ ហិរញ្ញប្បទានដ៏សំខាន់ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ត្រាំ។

ប្រែសម្រួល៖ គីរី

To Top