Feature

អ្នកនាំពាក្យ ក្រសួងការងារ៖ ករណីកម្ម​ករនិយោជិតរោងច​ក្រ ហ្គោ វីន ឡៃធីង ត្រូវបានដោះ​ស្រាយបញ្ចប់ ខណៈបងប្អូនកម្មករ​ ចូលធ្វើការជាធម្មតាវិញនៅថ្ងៃនេះ

ស្វាយរៀង៖ បងប្អូនកម្មករនិយោជិត និងភាគីរោងចក្រ ហ្គោ វីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅ​ភូមិព្រៃសាគុំ ឃុំព្រៃ​ធំ ស្រុកកំ​ពង់រោទិ៍ ខេត្តស្វាយរៀង បានឈានដល់ការព្រមព្រៀងគ្នា បន្ទាប់ពីមានការស​ម្របសម្រួល​យ៉ាងយកចិត្តទុកដាក់ របស់មន្រ្តីជំនាញ លើលក្ខខណ្ឌកា​រងារ ចំនួន ៣​ចំណុច ដែ​ល​​បងប្អូនកម្មក​រនិ​យោជិតមួយ​ចំនួនទាមទារ​ ខណៈបងប្អូនកម្មករនិយោជិតចូលបំពេញការងារជាធម្មតាវិញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ករណីនេះមានកម្មករនិយោជិតចំនួន ៣៨នាក់ ក្នុងចំណោមកម្មករសរុបចំនួន ៣០៦នាក់ បានធ្វើកូដកម្ម ដោយ​លើកឡើងនូវសំ​ណើពាក់ព័ន្ធនឹងកា​រប្រើប្រាស់ពាក្យសំដីរបស់អ្នកបកប្រែ ការធ្វើការថែមម៉ោង និងការទទួល​ស្គាល់លិខិតបញ្ជាក់ពីមន្ទីរពេទ្យសម្រាប់ការសុំច្បាប់ឈឺ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា តាមរយៈការសម្របសម្រួលរបស់ភាគីពាក់ព័ន្ធ បញ្ហាទាំង៣ចំណុចត្រូវបានដោះស្រាយដោយការព្រមព្រៀងគ្នា ដែលអាចឱ្យកម្មករនិយោជិត និងនិយោជកបន្តទំនាក់ទំនងការងារ​ដោយសន្តិវិធី និងមានការយោគយល់គ្នាទៅវិញទៅមក។

​លោកបន្តថា៖«ការដោះស្រាយវិវាទការងារ គឺត្រូវផ្អែកលើការពិភាក្សា ការយោគយល់ និងការសម្របសម្រួលរវាង​ភាគីទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន និងធានាបាននូវសិទ្ធិ និងផលប្រយោ​ជន៍​ស្របច្បា​ប់របស់កម្មករនិយោជិត និងនិយោជក។ ករណី​នេះ ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ហើយកម្មករនិយោជិតនឹងវិលចូលធ្វើការងារជាធម្មតាវិញ»។

​តាមលទ្ធផលនៃការផ្សះផ្សា បងប្អូនកម្មករនិយោជិតបានសន្យាថា នឹង​វិលចូលបម្រើការងារជាធម្មតាវិញ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦។ បន្ទាប់ពីពួកគាត់បានចូលរួមដោះស្រាយដោយសន្តិវិធី និង​បានពិភាក្សាយ៉ាងជិតស្និទ្ធ ដែលវាគឺជាមូលដ្ឋានសំខាន់ក្នុងការរក្សាបាន​នូវបរិយាកាសការងារល្អ និងបន្តផលិតកម្មដោយរលូន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស៊ុន មេសា៕

To Top