សម្តេចធិបតី៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាផ្នែកមួយដ៏សំខាន់ នាំឱ្យសម្រេចបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងកិច្ចការពារជាតិ ប្រឆាំងនឹងការគំរាមកំហែង ប្រព័ន្ធបច្ចេកវិទ្យានៅពេលអនាគត កម្ពុជា កំពុងពន្លឿនការរៀបចំច្បាប់ឯកទេស រួមមានច្បាប់ស្តីពីសន្តិសុខសាយប័រ ច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងក្របខណ្ឌ គ្រប់គ្រងទ្រព្យសកម្មនិម្មិត ដែលនឹងលេចចេញរូបរាង នាពេលខាងមុខ។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានបប្រសសាន៍ថា “កាលពីឆ្នាំមុន កម្ពុជាបានក្លាយជារដ្ឋហត្ថលេខី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាផងដែរ ។ កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវអំណរគុណ ចំពោះដៃគូសំខាន់ៗ និងភ្នាក់ងារអនុវត្តច្បាប់ មកពីប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី បណ្ដារដ្ឋសមាជិកអាស៊ាន បណ្ដាប្រទេសដៃគូផ្សេងទៀត ព្រមទាំងអង្គការអន្តរជាតិនានា ដែលរួមមាន UNODC Interpol និង IOM ផងដែរ៕
