ស្ថាប័នព័ត៌មានអាមេរិកចំនួន ៣ ដាក់ពាក្យបណ្តឹង ក្រោយត្រូវបានហាមឃាត់ មិនឱ្យចូលក្នុងសេតវិមាន
វ៉ាស៊ីនតោន៖ ស្ថាប័នព័ត៌មានអាមេរិកចំនួន ៣ គឺ CNN, MSNBC និង Politico បានប្រកាសថា ពួកគេកំពុងដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមន្ត្រីសេតវិមានមួយចំនួន បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងសេតវិមាន។
ស្ថាប័នព័ត៌មានទាំងបីបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «នៅព្រឹកនេះ យើងបានជូនដំណឹងដល់រដ្ឋាភិបាលថា យើងកំពុងដាក់ពាក្យបណ្តឹងនៅថ្ងៃនេះ ដើម្បីការពារសិទ្ធិរបស់យើងក្រោមវិសោធនកម្មលើកទីមួយនៃរដ្ឋធម្មនុញ្ញ និងដើម្បីការពារគោលការណ៍ដែលថា រដ្ឋាភិបាលមិនមែនជាអ្នកសម្រេចចិត្តលើអ្វីដែលសារព័ត៌មានត្រូវរាយការណ៍ ឬផ្សព្វផ្សាយនោះទេ»។
សេចក្តីថ្លែងការណ៍បានបន្តថា “ដោយគ្មានការជូនដំណឹង ឬនីតិវិធីត្រឹមត្រូវ សេតវិមានបានដកហូតប័ណ្ណអនុញ្ញាត ចូលធ្វើការរបស់អ្នកសារព័ត៌មានយើង ដោយសារតែពួកគេមិនពេញចិត្តនឹងការរាយការណ៍ព័ត៌មានរបស់យើង”។
ប្រសិនបើមិនមានការតវ៉ាទេនោះ ទង្វើនេះនឹងគំរាមកំហែង ដល់សេរីភាពសារព័ត៌មាន និងសិទ្ធិរបស់សាធារណជនក្នុងការ ទទួលបានព័ត៌មានពីការងារសារព័ត៌មានឯករាជ្យ ដែលគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល។
ពាក្យបណ្តឹងនេះត្រូវបានដាក់ជូនទៅកាន់តុលាការសហព័ន្ធប្រចាំតំបន់ ដោយបានដាក់ឈ្មោះលោក Steven Cheung (ជំនួយការប្រធានាធិបតីផ្នែកទំនាក់ទំនង) លោក Sean Curran នាយកនៃអង្គភាពសេវាកម្មសម្ងាត់ និងលោកស្រី Susan Wiles ប្រធានបុគ្គលិកសេតវិមាន ជាចុងចោទផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
