ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិសុខតំបន់អាកទិក

អូស្លូ៖ ការិយាល័យនាយករដ្ឋមន្ត្រីដាណឺម៉ាក​ បានប្រកាសឧ្យដឹងថា ប្រទេសដាណឺម៉ាក ទឹកដីស្វយ័តហ្គ្រីនឡែន និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅទីក្រុងញូវយ៉ក ដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់អាកទិក និងតំបន់អាត្លង់ទិកខាងជើង។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនេះ កិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ ត្រូវបានរំពឹងថា​ នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ នៅម៉ោង ១០:៣០ ព្រឹកម៉ោងក្នុងស្រុក អំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្តែមិនបានបង្ហាញពីលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនោះទេ។

លោក ដូណាល់​ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រថា ភាគីទាំងបី​ បានឈានដល់កិច្ចព្រមព្រៀងមួយ ដោយលើកឡើងថាវានឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវ “ការគ្រប់គ្រងជាអចិន្ត្រៃយ៍” លើសន្តិសុខរបស់កោះហ្គ្រីនឡែន។

ជាការឆ្លើយតប លោកស្រី Frederiksen បានឧ្យដឹងនៅថ្ងៃដដែលនោះថា កិច្ចព្រមព្រៀងនេះទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក ក៏ដូចជាសិទ្ធិរបស់ប្រជាជនហ្គ្រីនឡែនក្នុងការកំណត់ជោគវាសនាខ្លួនឯងផងដែរ។

ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិដែលបានចុះហត្ថលេខារវាងដាណឺម៉ាក និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៥១ និងបានកែសម្រួលនៅឆ្នាំ ២០០៤ កងទ័ពសហរដ្ឋអាមេរិកមានការអនុញ្ញាត យ៉ាងទូលំទូលាយរួចទៅហើយ ក្នុងការរក្សាបុគ្គលិក និងមូលដ្ឋាននានានៅក្នុងទឹកដីហ្គ្រីនឡែន រួមទាំងមូលដ្ឋានអវកាស Pituffik ផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top