Feature

រាជរដ្ឋាភិបាល កំណត់ការប្រយុទ្ធប្រឆាំង Online Scams ជាអាទិភាពខ្ពស់

ភ្នំពេញ ៖ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ជាអាទិភាពខ្ពស់មួយដែលពាក់ព័ន្ធដោយផ្ទាល់នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកប៉ែន បូណា បានថ្លែងថា ចាប់តាំងពីអាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដល់នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្តែងក្នុងការបង្រ្កាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត ។

លោកថា “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ឱ្យបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់ដោយគ្មានបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែង” ។

អ្នកនាំពាក្យបន្ថែមថា គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែត្រូវបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូលតាមរយៈការដកហូតសមត្ថភាពប្រតិបត្តិការ ការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងការបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះឱ្យបានជាក់ស្តែងនិងយូរអង្វែង។ នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែ គឺជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងតឹងរឹង និងសកម្មខ្លាំងក្លាបំផុតមួយនៅក្នុងតំបន់។

លោកបញ្ជាក់ថា ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះមានប្រសិទ្ធភាពនិងសង្គតិភាព រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគតិយុត្តជាច្រើនដើម្បីធានាថា ការអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចប្រព្រឹត្តទៅដោយត្រឹមត្រូវតាមនីតិវិធី និងគ្មានការខ្វះចន្លោះ៕

To Top