សម្តេចធិបតី ៖ បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយ យកប្រើសម្រាប់ប្រឆាំងនឹងប្រទេសណាមួយទេ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយ យកទៅប្រើប្រាស់ជាឧបករណ៍ សម្រាប់ប្រឆាំងនឹងប្រទេសណាមួយនោះទេ ព្រោះជាការរំលោភបំពាន លើគោលការណ៍នៃច្បាប់អន្តរជាតិ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា បណ្តាញឧក្រិដ្ឋកម្ម មានសាមគ្គីភាពរឹងមាំ ដោយសារផលប្រយោជន៍ហិរញ្ញវត្ថុមហាសាល និងទទួលបានការគាំទ្រ ដោយបច្ចេកវិទ្យាទំនើបៗ ចុងក្រោយបង្អស់ ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ សម្តេចធិបតី ចង់ឱ្យមានសាមគ្គីភាព នៅកម្រិតអន្តរជាតិ ត្រូវតែមានភាពរឹងមាំជាងក្រុមឧក្រិដ្ឋជន ដោយមានការគាំទ្រ ពីយន្តការអនុវត្តច្បាប់ដ៏ទំនើប ប្រកបដោយប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការប្រាកដប្រជា។
ជាងនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាឆបោកប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយ យកទៅប្រើប្រាស់ ជាឧបករណ៍សម្រាប់ប្រឆាំង នឹងប្រទេសណាមួយនោះទេ ហើយក៏មិនយកគោលបំណង នៃការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា មកធ្វើជាលេសសម្រាប់វាយប្រហារ ឬរំលោភអធិបតេយ្យភាព របស់ប្រទេសមួយផ្សេងទៀតនោះដែរ ព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លាស់ លើគោលការណ៍នៃច្បាប់អន្តរជាតិ ។
បន្ថែមលើនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គួរតែជាហេតុផលសម្រាប់ប្រទេសនានា ក្នុងការធ្វើកិច្ចសហការរួមគ្នាដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហានេះដើម្បីផលប្រយោជន៍រួម៕
