Feature

រដ្ឋមន្រ្តីសាធារណការ កម្ពុជា-ឡាវ ជួបគ្នានៅប៉េកាំង ដើម្បីពិភាក្សាការងារ តភ្ជាប់ផ្លូវសំខាន់៣ រួមមានផ្លូវជាតិ ផ្លូវដែក និងស្ពានទន្លេរពៅ

ប៉េកាំង ៖ក្នុងឱកាសបំពេញការងារនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Leklai Sivilay រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ក្នុងវិស័យដឹកជញ្ជូន រវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទចំនួន ៣ សំខាន់ៗរួមមាន៖ (១) ការពិនិត្យលទ្ធភាពពង្រីកខ្សែផ្លូវតភ្ជាប់កម្ពុជា-ឡាវ តាមផ្លូវជាតិលេខ៧ (កម្ពុជា) ទៅផ្លូវជាតិលេខ១៣ (ឡាវ) ឬផ្លូវអាស៊ានហាយវេ AH11 (២) ការសិក្សាទីតាំង ដើម្បីសាងសង់ស្ពានទន្លេរពៅ (កម្ពុជា) -សេឡាំផាវ (ឡាវ) និងផ្លូវតភ្ជាប់ និង (៣) ការតភ្ជាប់ខ្សែផ្លូវដែករវាងកម្ពុជា-ឡាវ។

ផ្សារភ្ជាប់ទៅនឹង ចំណុចពិភាក្សាខាងលើ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួម ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងឆាប់ៗ ដូចការរំពឹងទុក។

To Top