ព័ត៌មានជាតិ

ស្ថាបនិក ក្រុមហ៊ុន G Adventures ប្ដេជ្ញាចិត្ត ក្នុងការរួមចំណែក អភិវឌ្ឍវិស័យទេសចរណ៍ នៅកម្ពុជា

ភ្នំពេញ៖ ស្ថាបនិកក្រុមហ៊ុន G Adventures បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការរួមចំណែកអភិវឌ្ឍវិស័យ ទេសចរណ៍នៅកម្ពុជា ដោយផ្ដោតលើការប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍ ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ។

ការគូសបញ្ជាក់របស់លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ខាងលើនេះ ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាត ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ, ស្ថាបនិកក្រុមហ៊ុន G Adventures បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាត ឱ្យមានការរៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នេះឡើង ដោយមានគណៈប្រតិភូចូលរួមសរុបប្រមាណ ៧០០នាក់។ ព្រឹត្តិការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ហាញ និងផ្សព្វផ្សាយអំពីសក្ដានុពលនៃទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោកក៏បានសម្ដែង នូវការកោតសរសើរ ចំពោះចក្ខុវិស័យ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយបានកត់សម្គាល់ថា ចក្ខុវិស័យនេះស្របគ្នាទៅនឹងបេសកកម្មចម្បងរបស់ក្រុមហ៊ុន G Adventures ដែលតែងតែផ្ដោតលើការអភិវឌ្ឍទេសចរណ៍សហគមន៍ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋនៅមូលដ្ឋាន។

បន្ថែមពីនេះ, លោក Bruce Poon Tip បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន G Adventures ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដោយផ្ដោតលើការប្រែក្លាយកម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈកិច្ចសហការ ជាមួយភ្នាក់ងារទេសចរណ៍អន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាល្បីៗ ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងភាពទាក់ទាញរបស់កម្ពុជា ព្រមទាំងបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា គឺជាគោលដៅប្រកបដោយសុវត្ថិភាព និង ភាពកក់ក្តៅ ជាមួយនឹងភាពរាក់ទាក់របស់ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន G Adventures ដែលបានជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍លំដាប់ពិភពលោកដ៏មានសារៈសំខាន់នេះ និងបានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូអន្តរជាតិ ជាកត្តាដ៏សំខាន់បំផុត ក្នុងការបង្ហាញពីការពិតនៃសក្ដានុពល ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក ។

សម្តេចធិបតី ក៏បានគូសរំលេចពីគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។

ក្នុងនោះ, សម្ដេចធិបតីបានសង្កត់ធ្ងន់ លើការគាំទ្ររបស់រាជរដ្ឋាភិបាលដល់សហគមន៍ទេសចរណ៍ តាមរយៈការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, ការពង្រឹងសមត្ថភាពសហគមន៍ មូលដ្ឋាន និងការលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ដោយ តម្កល់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋានជាស្នូល។

ទន្ទឹមនឹង នេះ, សម្ដេចធិបតី ក៏បានលើកឡើងពីការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជាការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់តំបន់សំខាន់ៗរបស់កម្ពុជា ជាអាទិ៍ រាជធានីភ្នំពេញ, ខេត្តសៀមរាប និងតំបន់ជុំវិញ ជាដើម។ លើសពីនេះ, សម្តេចធិបតី ក៏បានគូសបញ្ជាក់ ពី ការ ធ្វើទំនើបកម្មប្រព័ន្ធផ្តល់ទិដ្ឋាការ និងការសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរមកកាន់កម្ពុជា៕

To Top