រដ្ឋបាលក្រុងពោធិ៍សាត់ រៀបចំកិច្ចប្រជុំ ត្រៀមលក្ខណៈសម្បត្តិ ស្តីពីការធានាអនាម័យបរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំអនាម័យបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងវឌ្ឍនភាពការងារ ដោយមានការចូលរួមពីសំណាក់រដ្ឋបាលសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីពង្រឹង និងជំរុញបន្ថែមលើកិច្ចការងារថែរក្សា សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ព្រមទាំងការយកចិត្តទុកដាក់ លើបញ្ហាអនាម័យបរិស្ថានក្នុងមូលដ្ឋានក្រុងពោធិ៍សាត់ ឱ្យកាន់តែល្អប្រសើរឡើងរួមមាន ៖

1-លើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរក្រុង សង្កាត់ និងកម្លាំងមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការល្បាតត្រួតពិនិត្យ និងបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។
2-ជំរុញដល់រដ្ឋបាលសង្កាត់ និងអង្គភាពពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសំរាម សំណល់រឹង និងការសម្អាតបរិស្ថានជុំវិញទីប្រជុំជន ដើម្បីរក្សាបាននូវសោភ័ណភាព និងបរិស្ថានបៃតងក្នុងក្រុង។
3-ពិនិត្យលើសមិទ្ធផលការងារកន្លងមក ព្រមទាំងកំណត់លើទិសដៅការងារបន្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយ លោកអភិបាលក្រុង ក៍បានរំឭកនូវបទបញ្ជាផ្ទៃក្នុង និងអនុសាសន៍ណែនាំល្អៗដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុងពោធិ៍សាត់ប្រកបដោយប្រសិទ្ធភាព៕
ប្រភព÷រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល




