ពន្ធគយពាណិជ្ជកម្មចិន និងអាម៉េរិក ត្រូវបានពន្យារ ខណៈលោក ត្រាំ ស្វាគមន៍លោក ស៊ី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលនឹងសាកល្បងទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ខណៈភាពតានតឹងកំពុងបន្តកើនឡើងជុំវិញបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា តៃវ៉ាន់ និងអ៊ីរ៉ង់។
ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី មកកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលជិតបីឆ្នាំមកនេះ មិនត្រូវបានគេរំពឹងថានឹងផ្តល់នូវរបកគំហើញធំដុំនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងអាចនឹងពន្យារពេលពន្ធគយពាណិជ្ជកម្មរយៈពេល ១១ ខែរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងលើការពន្យារពេលនេះ ខណៈដែលលោក ត្រាំ បានស្វាគមន៍លោក ស៊ី ដោយផ្ទាល់នៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews ក្នុងរដ្ឋ Maryland បន្ទាប់ពីការមកដល់របស់លោក ដែលនេះបញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។
ស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនោះទេ។
នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំទាំងពីរ និងភរិយាបានចាប់ដៃគ្នា និយាយគ្នាប៉ុន្មាននាទី និងឈរថតរូប ខណៈដែលមានការប្រគុំតន្ត្រីយោធា ការបាញ់កាំភ្លើងធំអបអរសាទរ និងយន្តហោះទម្លាក់គ្រាប់បែកយោធា B-1 ហោះពីលើ។
ការស្វាគមន៍នេះជាលើកទីមួយហើយក្នុងរយៈពេល ១១ ឆ្នាំ ដែលប្រធានាធិបតីអាមេរិកបានទៅស្វាគមន៍មេដឹកនាំបរទេសដោយផ្ទាល់នៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews នេះបើយោងតាម C-SPAN ដែលតាមដានព្រឹត្តិការណ៍របស់ប្រធានាធិបតី។
ការទទួលបដិសណ្ឋារកិច្ចចុងក្រោយបែបនេះគឺសម្រាប់សម្តេច Pope Francis ក្នុងឆ្នាំ ២០១៥ ក្នុងអាណត្តិរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
លោក ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ដែលចេញផ្សាយដោយស្ថានទូតចិនថា “ចិននិងសហរដ្ឋអាមេរិកគួរតែជាដៃគូ មិនមែនជាគូប្រជែងទេ” ដែលនៅក្នុងសេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះឡើយ។
