Feature

ព្រះមហាក្សត្រ ៖ បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មានអត្ថន័យជ្រាលជ្រៅ សម្រាប់រាស្ត្រខ្មែរ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានសារៈសំខាន់ និង មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាល សម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់ ។

ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជារាស្ត្រខ្មែរ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។
ពិធីបុណ្យនេះ មានសារៈសំខាន់ និង មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាល សម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់ មិនថា នៅទីជិត ឬទីឆ្ងាយ បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និងចូលរួមធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋាន និងវត្តអារ៉ាម។

ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលប្រជារាស្ត្រខ្មែរ បង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំង ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តាន ដែលបានលាចាកលោកនេះទៅហើយ ។

ព្រះមហាក្សត្រ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ស្មារតីសាមគ្គីភាព ការរួបរួម និងទំនាក់ទំនងដ៏ល្អប្រសើរ របស់ប្រជារាស្ត្រខ្មែរ ដែលបានបង្ហាញតាមរយៈ ការចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិដ៏រុងរឿង ជាពិសេសស្មារតីស្រឡាញ់វប្បធម៌ ការចូលរួមការពារ ថែរក្សាទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ឱ្យបានគង់វង្ស ស្ថិតស្ថេរ និងបន្តរីកចម្រើនពីជំនាន់ មួយទៅជំនាន់មួយ ដើម្បីទុកជាមរតកដ៏មានតម្លៃសម្រាប់ជាតិ និងកូនចៅខ្មែរគ្រប់រូប។

ព្រះមហាក្សត្រ ព្រះករុណា មានព្រះរាជបន្ទូលបន្ថែមថា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមប្រជារាស្ត្រខ្មែរទាំងអស់បន្ត ចូលរួមការពារ ថែរក្សា និងលើកតម្កើងទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ជាតិ ព្រមទាំងរួមគ្នាពង្រឹងសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ឱ្យកាន់តែរឹងមាំ ព្រមទាំងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍៕

To Top