ព័ត៌មានអន្តរជាតិ

ស្ថាប័នមនុស្សធម៌អង្គការសហប្រជាជាតិ បង្ហាញការព្រួយបារម្ភអំពីអំពើហិង្សា​ ដែលកំពុងកើនឡើង នៅក្នុងប្រទេសស៊ូដង់

អង្គការសហប្រជាជាតិ៖ មន្ត្រីមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឧ្យដឹងថា ពួកគេមានការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងកើនឡើង ការកើនឡើង នៃចំនួនប្រជាជន ដែលត្រូវភៀសខ្លួនចេញពីលំនៅឋាន និងបញ្ហាអសន្តិសុខស្បៀង​ ដែលកាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសស៊ូដង់។

ការប៉ះទង្គិចគ្នានៅក្នុងរដ្ឋ Darfur ខាងកើត និង Darfur ខាងត្បូង នៃប្រទេសស៊ូដង់ បានបណ្តាលឱ្យមនុស្ស ១៣ នាក់ស្លាប់ រំខានដល់សកម្មភាពទីផ្សារ និងបង្ក ឱ្យមានការផ្លាស់ទីលំនៅបន្ថែមទៀត ខណៈដែលតម្លៃនំប៉័ងបានហក់ឡើង ខ្ពស់នៅក្នុងតំបន់ Darfur ខាងជើង​ នេះបើយោងតាមការបញ្ជាក់ របស់ការិយាល័យអង្គការ សហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។

ដោយផ្អែកលើប្រភពព័ត៌មានក្នុងស្រុក OCHA បានឱ្យដឹងថា ការប៉ះទង្គិចគ្នានៅផ្សារ Al Borsa ក្នុងទីក្រុង El Daein រដ្ឋ Darfur ខាងកើត បានបណ្តាលឱ្យមានអ្នករងគ្រោះ និងការបិទផ្សារមួយផ្នែកកាលពីថ្ងៃសៅរ៍។

នៅថ្ងៃដដែលនោះ គេរាយការណ៍ថា​ មានការប៉ះទង្គិចគ្នារវាងក្រុមសហគមន៍ផ្សេងៗគ្នានៅផ្សារ Abuja ក្នុងតំបន់ Gereida រដ្ឋ Darfur ខាងត្បូង ដែលបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ខំឱ្យមនុស្សជាង ៤០០ នាក់ផ្សេងទៀតត្រូវភៀសខ្លួនចេញពីលំនៅឋាន។ ករណីមានអ្នករងគ្រោះបន្ថែមទៀតក៏ត្រូវបានរាយការណ៍ផងដែរ បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅក្នុងទីក្រុង Nyala រដ្ឋ Darfur ខាងត្បូង។

OCHA បានបញ្ជាក់ថា «ការប្រយុទ្ធគ្នានៅក្នុងរដ្ឋ Kordofan ខាងជើង និងខាងត្បូង រដ្ឋ Blue Nile និងរដ្ឋ Darfur ខាងជើង នៅតែបន្តបង្ខំឱ្យប្រជាជនភៀសខ្លួនចេញពីលំនៅឋាន»។ ដៃគូផ្នែកមនុស្សធម៌​ បានរាយការណ៍អំពីចំនួនប្រជាជនរាប់ពាន់នាក់​ ដែលទើបតែត្រូវភៀសខ្លួនថ្មីៗក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឱ្យដឹងថា ឃ្លាំងចំនួនពីរនៅក្នុងតំបន់ Shikan នៃរដ្ឋ Kordofan ខាងជើង ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃអាទិត្យ ដែលបានបំផ្លាញសម្ភារៈសិក្សា​ ដែលត្រៀម​ សម្រាប់ចែក ជូននៅពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top