សហភាពអឺរ៉ុប ពង្រីកការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងអ៊ុយក្រែន លើបុគ្គល និងស្ថាប័ននានា រយៈពេល ៣ ឆ្នាំទៀត
ព្រុចសែល៖ សហភាពអឺរ៉ុប បានពន្យារពេលការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអ៊ុយក្រែនលើបុគ្គល និងស្ថាប័នជាង ៣,០០០ សម្រាប់រយៈពេល ៣ ឆ្នាំទៀត។ ទោះជាយ៉ាងណាក៏ដោយ បុគ្គលចំនួន ៣ នាក់ និងស្ថាប័នមួយត្រូវបានដកចេញពីបញ្ជីនេះ។
ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការរឹតត្បិតទាំងនេះនឹងនៅតែបន្តមានសុពលភាពរហូតដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៩។
វិធានការទាំងនោះរួមមាន ការរឹតត្បិតការធ្វើដំណើរលើបុគ្គល ដែលមានឈ្មោះក្នុងបញ្ជី ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់មិនឱ្យផ្តល់មូលនិធិ ឬធនធានសេដ្ឋកិច្ចផ្សេងទៀតដល់បុគ្គល ឬស្ថាប័នដែលស្ថិតក្នុងគោលដៅនៃការដាក់ទណ្ឌកម្មនោះ។
ការដាក់ទណ្ឌកម្មទាំងនេះត្រូវបានអនុវត្តជាលើកដំបូងនៅក្នុងខែមីនា ឆ្នាំ ២០១៤ ហើយត្រូវបានពង្រីកយ៉ាងខ្លាំងចាប់តាំងពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន បានកើនឡើងធ្ងន់ធ្ងរនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ចាប់តាំងពីពេលនោះមក សហភាពអឺរ៉ុប បានដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ី ដែលគ្របដណ្តប់លើវិស័យនានា រួមមាន ថាមពល ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងវិធានការដែលកំណត់គោលដៅលើបុគ្គល និងស្ថាប័ននានាផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
