ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ បដិសេធការអំពាវនាវ ឱ្យមានការគ្រប់គ្រង ជាលក្ខណៈអន្តរជាតិ លើបច្ចេកវិទ្យា AI

អង្គការសហប្រជាជាតិ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ ថា សហរដ្ឋអាមេរិកនឹងគាំទ្រ តែការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងរក្សាភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងលក្ខណៈប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវប៉ុណ្ណោះ ដោយលោកបានបដិសេធរាល់កិច្ច ខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ​ ក្នុងការដាក់ចេញនូវបទប្បញ្ញត្តិ គ្រប់គ្រងលើបច្ចេកវិទ្យា​ AI។

លោក ដូណាល់​ ត្រាំ បានថ្លែងបែបនេះនៅក្នុងសុន្ទរកថារបស់លោកក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ​ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក​ បដិសេធទាំងស្រុងនូវរាល់ការប៉ុនប៉ងបង្កើត “គម្រោងបែបសកលនិយម” ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ដែលកំពុងត្រូវបានគេលើកឡើង យ៉ាងច្រើននៅពេលបច្ចុប្បន្ននេះ។

ប្រធានាធិបតីអាមេរិករូបនេះ​ បានលេីកឡេីងថា «ខ្ញុំនឹងមិនរារាំងដល់ការរីកចម្រើននៃអ្វីមួយ​ ដែលនឹងមានវិសាលភាពធំធេងជាងបដិវត្តន៍ឧស្សាហកម្មនោះទេ»។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក​ នឹងតាមដានយ៉ាងដិតដល់លើបច្ចេកវិទ្យា AI តាមរយៈក្រសួងយុត្តិធម៌ ហើយនឹងបន្តដឹកនាំពិភពលោកក្នុងវិស័យនេះប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

នៅក្នុងោះដែរលោក ដូណាល់​ ត្រាំ ក៏បានជំរុញឱ្យមានការផ្លាស់ប្តូរឈ្មោះហៅបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ទៅជា “បញ្ញាដ៏អស្ចារ្យ” (Super Intelligence) វិញផងដែរ។

ថ្មីៗនេះ មេដឹកនាំឧស្សាហកម្ម AI មួយចំនួននៅក្នុងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការបន្ថយល្បឿន នៃការអភិវឌ្ឍបច្ចេកវិទ្យា AI ដោយមានការសម្របសម្រួលគ្នា ដោយពួកគេបានលើកឡើងពីក្តីបារម្ភអំពីលទ្ធភាពដែលបច្ចេកវិទ្យានេះអាចវិវត្តខ្លួនឯង និងហានិភ័យនៃការបាត់បង់ការគ្រប់គ្រងលើបច្ចេកវិទ្យានេះ៕

To Top