លោក ដូណាល់ ត្រាំ ជំរុញអោយប្ដូរឈ្មោះ AI ទៅជា SI វិញ
អង្គការសហប្រជាជាតិ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការផ្លាស់ប្តូរឈ្មោះ ហៅបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) ទៅជា “បញ្ញាដ៏អស្ចារ្យ” (Super Intelligence) វិញ។
ថ្មីៗនេះ មេដឹកនាំឧស្សាហកម្ម AI មួយចំនួននៅក្នុងសហរដ្ឋអាមេរិកបានអំពាវនាវ ឱ្យមានការបន្ថយល្បឿននៃការអភិវឌ្ឍបច្ចេកវិទ្យា AI ដោយមានការសម្របសម្រួលគ្នា ដោយពួកគេបានលើកឡើងពីក្តីបារម្ភអំពីលទ្ធភាពដែលបច្ចេកវិទ្យានេះអាចវិវត្តខ្លួនឯង និងហានិភ័យនៃការបាត់បង់ការគ្រប់គ្រងលើបច្ចេកវិទ្យានេះ
នៅក្នុងនោះដែរលោក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកនឹងគាំទ្រតែការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងរក្សាភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងលក្ខណៈប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវប៉ុណ្ណោះ ដោយលោកបានបដិសេធរាល់កិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្តរជាតិ ក្នុងការដាក់ចេញនូវបទប្បញ្ញត្តិគ្រប់គ្រងលើបច្ចេកវិទ្យា AI។
លោក ដូណាល់ ត្រាំ បានថ្លែងបែបនេះនៅក្នុងសុន្ទរកថារបស់លោកក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក បដិសេធទាំងស្រុងនូវរាល់ការប៉ុនប៉ងបង្កើត “គម្រោងបែបសកលនិយម” ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងត្រូវបានគេលើកឡើងយ៉ាងច្រើននៅពេលបច្ចុប្បន្ននេះ។
ប្រធានាធិបតីអាមេរិករូបនេះ បានលេីកឡេីងថា «ខ្ញុំនឹងមិនរារាំងដល់ការរីកចម្រើននៃអ្វីមួយ ដែលនឹងមានវិសាលភាពធំធេងជាងបដិវត្តន៍ឧស្សាហកម្មនោះទេ»។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក នឹងតាមដានយ៉ាងដិតដល់លើបច្ចេកវិទ្យា AI តាមរយៈក្រសួងយុត្តិធម៌ ហើយនឹងបន្តដឹកនាំពិភពលោក ក្នុងវិស័យនេះប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ៕
ប្រែសម្រួល ឈូក បូរ៉ា
