អ៊ីរ៉ង់មានហេដ្ឋា រចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់ផលិតមីស៊ីល ដែលមានសមត្ថភាពវាយប្រហាររយៈចម្ងាយហោះហើរ ឆ្ងាយជាងមុន
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់ផលិតមីស៊ីលដែលមានរយៈចម្ងាយហោះហើរឆ្ងាយជាងមុនយ៉ាងខ្លាំង។
លោក Hossein Mohebbi អ្នកនាំពាក្យរបស់ IRGC បានធ្វើការប្រកាសនេះនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ដោយសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានការសម្រេចចិត្តផ្នែកនយោបាយនៅក្នុងប្រទេស ពាក់ព័ន្ធនឹងការផលិតមីស៊ីលប្រភេទនេះ។
លោកបានកត់សម្គាល់ថា នៅក្នុងការប្រឈមមុខដាក់គ្នាណាមួយ អ៊ីរ៉ង់នឹងបង្ហាញអាវុធថ្មីៗដែលមានរយៈចម្ងាយហោះហើរ កម្រិតភាពជាក់លាក់ និងអានុភាពបំផ្លិចបំផ្លាញថ្មីៗ ដោយសង្កត់ធ្ងន់ថា សមរភូមិគឺជាកន្លែងដ៏ល្អបំផុត សម្រាប់សាកល្បងអាវុធថ្មី។
លោកបានលេីកឡេីងថា ថ្មីៗនេះ អ៊ីរ៉ង់បានសាកល្បងមីស៊ីលថ្មីមួយទៅលើនាវាដឹកយន្តហោះ និងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដោយបន្ថែមថា មីស៊ីលនោះបានបុកចំនាវាដឹកយន្តហោះដែលស្ថិតក្នុងរយៈចម្ងាយ ៥០០ គីឡូម៉ែត្រ។
លោកបានពន្យល់ថា ការវាយប្រហារនោះមិនបានធ្វើឱ្យនាវាដឹកយន្តហោះ របស់សហរដ្ឋអាមេរិកលែង ដំណើរការទាំងស្រុងនោះទេ ប៉ុន្តែវាបានបង្កការខូចខាតដល់នាវា ដោយលោកអះអាងថា ការវាយប្រហារនោះបានបណ្តាលឱ្យមានអ្នករងរបួស ឬស្លាប់ ទោះបីជាសហរដ្ឋអាមេរិក មិនបានប្រកាសពីបញ្ហានេះក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា
