សម្តេចតេជោ នឹងកំដរលេង ជាមួយពួកក្រុម ចង់កំចាត់ត្រកូលហ៊ុន រហូតអស់ពីផែនដី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា សម្តេចនឹងកំដរលេងជាមួយក្រុមប្រឆាំង ទាំងក្នុងនិងក្រៅប្រទេស ដែលមានបំណងមិនល្អចង់កំចាត់ចោល ត្រកូលហ៊ុន រហូតពួកគេអស់ពីផែនដី ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចតេជោបានលើកឡើងថា ថ្ងៃនេះ ជាខួបលើកទី២៨ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតមកលើសម្តេច ពីសំណាក់ពួកចោរនយោបាយ (២៤ ខែកញ្ញា ឆ្នាំ១៩៩៨ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦) ។ ក្រោយពេលខ្មាំងលួចសម្លាប់ តែមិនស្លាប់ពេលនោះហើយ ដែលសម្តេចយកដៃដាក់លើក្បាលដោយនិយាយក្នុងចិត្តថា ត្រូវពង្រឹងអំណាចនិងត្រូវបញ្ចប់សង្គ្រាមឱ្យខាងតែបាន។

សម្តេចតេជោបន្តថា ក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ សម្តេចបានស្នើសុំឈប់ ធ្វើនាយករដ្ឋមន្ត្រី ដោយមានការប្រជុំ គណៈអចិន្ត្រៃយ៍ គណបក្សនៅផ្ទះរបស់សម្តេច នៅក្រុងតាខ្មៅ នាល្ងាចថ្ងៃ២៧កក្កដា១៩៩៨ ក្រោមអធិបតីភាព លោក ជា ស៊ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឱ្យសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ ។
សម្តេចតេជោបន្តរៀបរាប់ថា នាពេលនោះ សម្តេចគិតថា សម្តេចនឹងបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ២០០៣ទេ ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់សម្តេចយ៉ាងឃោឃៅបែបនេះ សម្តេចលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថា ត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាម និងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ ។

សម្តេចប្រធានព្រឹទ្ធសភាបញ្ជាក់ថា ក្រោយមកសម្តេចនិយាយថា ថ្ងៃនេះសម្តេចជានាយករដ្ឋមន្ត្រីថ្ងៃក្រោយ សម្តេចនឹងក្លាយទៅជាឪពុកនាយករដ្ឋមន្ត្រីនោះ គឺសម្តេចពិតជាធ្វើបានមែន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយ តាមរយៈការបោះឆ្នោត និងស្របតាមរដ្ឋធម្មនុញ្ញ ។
សម្តេចតេជោសង្កត់ធ្ងន់ថា “ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រី ក្នុងវ័យ៤៦ឆ្នាំ តែដល់គេចង់សម្លាប់ត្រូវ ធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ៧១ឆ្នាំទើបឈប់ ។ អំណាច ហ៊ុន សែន មិនទាន់ចប់ទេ ទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា ។ ខ្ញុំនឹងបន្តកំដរលេងជាមួយពួក (កំចាត់ត្រកូលហ៊ុន) រហូតពួកនេះអស់ពីផែនដី” ៕
