ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ព្រមានកម្ទេចប្រទេសអ៊ីរ៉ង់ចោល ប្រសិនបើគ្មានកិច្ចព្រមព្រៀង ណាមួយដើម្បីបញ្ចប់សង្គ្រាម

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាន កាលពីថ្ងៃអង្គារថា លោកអាចនឹងកម្ទេចប្រទេស អ៊ីរ៉ង់ចោល ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម យ៉ាងណាក៏ដោយ លោកក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀងមួយអាចនឹងកើតឡើង ក្នុងពេលឆាប់ៗនេះ ចំពេលដែលមានកិច្ចខិតខំប្រឹងប្រែង ផ្នែកការទូតនៅអង្គការសហប្រជាជាតិ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ត្រាំ បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា៖ «ខ្ញុំមានការសម្រេចចិត្តដ៏ធំមួយដែលត្រូវធ្វើ»។

លោកថា «តើនឹងមានកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យពួកគេកសាងឡើងវិញ និងបង្កើតប្រទេសដ៏អស្ចារ្យជាងមុនទៅទៀតដែរឬទេ?… ឬមួយខ្ញុំត្រូវកម្ទេចសាធារណរដ្ឋអ៊ីស្លាមនេះចោលយ៉ាងឆាប់រហ័ស ដោយមិនផ្តល់ឱកាសឱ្យពួកគេសម្លាប់ និងបំផ្លាញមនុស្សនិងប្រទេសនានាទៀត?»

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បានច្រានចោលការលើកឡើងរបស់លោក ត្រាំ នៅអង្គការសហប្រជាជាតិ ដោយចាត់ទុកថាវាជា «ការឃោសនា» ហើយបានបញ្ជាក់ថា ការឆ្លើយតបរបស់ពួកគេគឺ «ការត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីវាយប្រហារយ៉ាងធ្ងន់ធ្ងរ កម្ទេចចោល និងតាមរបៀបដែលមិនអាចស្មានដល់ ទៅលើក្រុមអ្នកឈ្លានពាន»។

ប៉ុន្តែក្រៅពីវោហាសាស្ត្រដ៏ក្តៅគគុកនោះ កិច្ចពិភាក្សានានានៅតែបន្តដើម្បីព្យាយាមបញ្ចប់ជម្លោះដែលមានរយៈពេលជិត ៧ ខែមកហើយ ដែលបានចាប់ផ្តើមឡើងជាមួយនឹងការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ហើយបានបណ្តាលឱ្យ មនុស្សរាប់ពាន់នាក់ស្លាប់ ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ និងទាក់ទាញប្រទេសជិត ខាងឱ្យចូលរួមក្នុងជម្លោះនេះផងដែរ។
ប្រែសម្រួលៈ ណៃ តុលា

To Top