ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់នឹងរក្សា «ទំនាក់ទំនងជិតស្និទ្ធ» ជាមួយសហរដ្ឋអាមេរិក លើបញ្ហាទិញលក់សព្វាវុធ

បរទេស៖ មន្ត្រីក្រសួងការពារជាតិម្នាក់ បាននិយាយកាលពីថ្ងៃពុធថា កោះតៃវ៉ាន់នឹងបន្តរក្សាទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញការអនុវត្តការលក់អាវុធឱ្យស្របតាមផែនការ ខណៈដែលកិច្ចប្រជុំរវាងមេដឹកនាំអាមេរិក និងចិននៅទីក្រុងវ៉ាស៊ីនតោនជិតមកដល់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយបានទាមទារម្តងហើយម្តងទៀតឱ្យអាមេរិកបញ្ឈប់ការលក់អាវុធដល់កោះនេះ។

ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តកញ្ចប់លក់អាវុធដែលមានតម្លៃ ១១ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់កាលពីខែធ្នូ ដែលជាកញ្ចប់ធំបំផុតមិនធ្លាប់មានក៏ដោយ ប៉ុន្តែនៅក្នុងខែឧសភា បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង លោកបាននិយាយថា កញ្ចប់ទីពីរដែលមានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ ត្រូវបានផ្អាកទុកសិន។

គេរំពឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងជំរុញឱ្យលោក ត្រាំ បញ្ឈប់ការលក់អាវុធទាំងនោះ នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នានៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។
ប្រែសម្រួលៈ ណៃ តុលា

To Top