កម្មករផលិតរថយន្ត នៅក្នុងប្រទេសអាល្លឺម៉ង់ នាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងការកាត់បន្ថយការងារ ក្នុងកម្រិតដ៏ធំមិនធ្លាប់មាន
បរទេស៖ កម្មកររោងចក្រផលិត រថយន្តរាប់ម៉ឺននាក់នៅទូទាំងប្រទេសអាល្លឺម៉ង់ បានធ្វើបាតុកម្មទាមទារឱ្យមានការ ការពារការងារ និងរោងចក្រ បន្ទាប់ពីក្រុមហ៊ុន Volkswagen បានប្រកាសផែនការកាត់បន្ថយការងារចំនួន ១០០.០០០ កន្លែង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា នៅថ្ងៃចន្ទនេះ បុគ្គលិកមកពីក្រុមហ៊ុន Volkswagen, Mercedes-Benz, BMW, Audi, Porsche និងក្រុមហ៊ុនផ្គត់ផ្គង់សំខាន់ៗនានា បានចូលរួមក្នុងសកម្មភាពតវ៉ាជាង ២៨០ កន្លែងនៅទូទាំងប្រទេស។ សហជីពឧស្សាហកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់គឺ IG Metall បានព្រមានថា ឧស្សាហកម្មរថយន្តរបស់ប្រទេសនេះ «កំពុងប្រឈមនឹងហានិភ័យនៃការដួលរលំទាំងស្រុង» ខណៈដែលវិស័យនេះកំពុងជួបប្រទះបញ្ហាថ្លៃថាមពលខ្ពស់ បន្ទាប់ពីការកាត់បន្ថយការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិក និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីប្រទេសចិន។
លោកស្រី Christiane Benner ប្រធានសហជីព IG Metall បានថ្លែងទៅកាន់កម្មករនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Volkswagen ក្នុងទីក្រុង Wolfsburg ថា៖ «យើងរំពឹងថា ថ្នាក់ដឹកនាំក្រុមហ៊ុន និងក្រុមគ្រប់គ្រងនឹងទទួលខុស ត្រូវចំពោះប្រទេសអាល្លឺម៉ង់ក្នុងនាមជាប្រទេសផលិតរថយន្ត ព្រមទាំងទទួលខុសត្រូវចំពោះបុគ្គលិក និងការងាររបស់ពួកគេ»។
ផែនការកាត់បន្ថយរបស់ក្រុមហ៊ុន Volkswagen រួមមានការកាត់បន្ថយចំនួន ៥០.០០០ កន្លែងដែលបានប្រកាសពីមុនមកនៅតាមម៉ាកយីហោនានារបស់ខ្លួន និងការកាត់បន្ថយចំនួន ៥០.០០០ កន្លែងទៀតក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មី ។ កាលពីថ្ងៃសុក្រ ក្រុមហ៊ុនក៏បានកាត់បន្ថយការព្យាករណ៍ អំពីអត្រាប្រាក់ចំណេញប្រតិបត្តិការ (operating margin) សម្រាប់ឆ្នាំ ២០២៦ ឱ្យនៅត្រឹម ១% ប៉ុណ្ណោះ ដោយលើកឡើងពីភាពទន់ខ្សោយនៃទីផ្សារប្រទេសចិន ការចំណាយលើការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងបញ្ហាផ្សេងៗនៅក្រុមហ៊ុន Porsche។
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ផ្សេងទៀតក៏កំពុងកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន BMW កំពុងកាត់បន្ថយការងារប្រហែល ៨.០០០ កន្លែង ខណៈដែលក្រុមហ៊ុន Mercedes-Benz កំពុងកាត់បន្ថយការផលិតនៅក្នុងប្រទេសខ្លួន និងពង្រីកសមត្ថភាពផលិតនៅប្រទេសហុងគ្រី ដែលមានថ្លៃដើមផលិតទាបជាង។
ប្រែសម្រួលៈ ណៃ តុលា
