ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យជប៉ុនរៀនសូត្រពីប្រវត្តិសាស្ត្រ និងកសាងទំនុកចិត្ត តាមរយៈសកម្មភាពជាក់ស្តែង

ប៉េកាំង៖ ចិនបានជំរុញឱ្យជប៉ុនរៀនសូត្រពីប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងឱ្យបានស៊ីជម្រៅអំពីអតីតកាល និងកសាងទំនុកចិត្តពីប្រទេសជិតខាងក្នុងតំបន់អាស៊ី ក៏ដូចជាសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពជាក់ស្តែង។

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើសុន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ​ កាលពីថ្ងៃអង្គារ។

នៅក្នុងសុន្ទរកថានោះ លោកស្រី​ បានលើកឡើងថា ជប៉ុន​ គឺជាប្រទេសដែលស្រឡាញ់សន្តិភាព និងបានអំពាវនាវឱ្យលុបចោល “មាត្រាស្តីពីប្រទេសជាសត្រូវ” ចេញពីធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ​ បានេីកឡេីងថា «បើធៀបនឹងអ្វីដែលជប៉ុននិយាយ សហគមន៍អន្តរជាតិ​ មានការព្រួយបារម្ភខ្លាំងជាងទៅលើអ្វី​ ដែលជប៉ុនធ្វើជាក់ស្តែង»។

លោកបានលើកឡើងថា គំនិតនៃ “ប្រទេសដែលស្រឡាញ់សន្តិភាព” របស់ជប៉ុនក្រោយសម័យសង្គ្រាម ត្រូវបានកសាងឡើងដោយផ្អែកលើការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររបស់ខ្លួន និងការផ្តាច់ខ្លួនទាំងស្រុងចេញពីលទ្ធិយោធានិយម។

លោកបានបន្តថា «តាមពិតទៅ រដ្ឋបាលជប៉ុនបច្ចុប្បន្ន​ មិនត្រឹមតែបដិសេធប្រវត្តិសាស្ត្រនៃការឈ្លានពាន និងព្យាយាមលាក់បាំងឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តពង្រឹងកងទ័ព និងពង្រីកអាវុធយុទ្ធភណ្ឌ ជំរុញល្បឿននៃ ‘ការវិលត្រឡប់ទៅរកយោធានិយម’ ព្យាយាមបោះបង់ចោលគោលការណ៍មិននុយក្លេអ៊ែរទាំងបី និងកែសម្រួលរដ្ឋធម្មនុញ្ញ​ ដែលប្រកាន់ខ្ជាប់នូវសន្តិភាពនិយម ព្រមទាំងប្រឈមមុខដោយបើកចំហ​ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ​ ក្រោយសម័យសង្គ្រាមទៀតផង»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top