ព័ត៌មានជាតិ

សម្តេចធិបតី៖ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-គុយបា នឹងបន្តពង្រីកទៅកាន់វិស័យ សក្កានុពលកសិកម្ម និងសុខាភិបាល

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសគុយបា នឹងបន្តពង្រីកទៅកាន់វិស័យសក្កានុពល មានជាអាទិ៍ វិស័យកសិកម្ម និងសុខាភិបាល ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, បានអនុញ្ញាតឱ្យ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានចំណាយពេលវេលេដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ។ លោកស្រី ក៏បានវាយតម្លៃខ្ពស់​ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​លើវិស័យជាច្រើន នាពេលកន្លងមក ។ លោកស្រី បានបន្តថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ, លោកជំទាវ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់​​​​​​ចំពោះទំនាក់ទំនង ជាប្រវត្តិសាស្រ្ត​​​​​រវាងប្រទេសទាំងពីរ ក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តរហូតមកដល់បច្ចុប្បន្ន និងកំពុងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ។

សម្ដេចធិបតី​​ បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តពង្រីកទៅកាន់វិស័យសក្កានុពលផ្សេងៗទៀត មានជាអាទិ៍ វិស័យកសិកម្ម និងសុខាភិបាល ។

បន្ថែមលើនេះ សម្ដេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ, កសិកម្ម, វប្បធម៌, ទេសចរណ៍, និងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ។ សម្ដេចធិបតីក៏បានលើកទឹកចិត្តលោកស្រី ឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាព​ សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម លើវិស័យសក្កានុពលនានា៕

To Top