កម្ពុជា-កូរ៉េ សហការបង្ក្រាប Online Scams ១៥ករណី ឃាត់ខ្លួនជនជាតិកូរ៉េ ជិត ២០០នាក់
ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងភ្នាក់ងារនគរបាលជាតិកូរ៉េ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែន រួមទាំងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
តាមរយៈការផ្លាស់ប្ដូរព័ត៌មានជាមួយភាគីកូរ៉េ ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិកូរ៉េ សរុប១៧៩នាក់ ស្រី ១១នាក់ ជាប់ពាក់ព័ន្ធបទល្មើសOnline Scams។ នេះបើយោងតាមការថ្លែងរបស់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ បានឱ្យដឹងទៀតថា ជនជាតិកូរ៉េទាំងអស់នោះ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams ចំនួន១៥ករណី ក្នុងនោះ មាននៅ រាជធានីភ្នំពេញ៨ករណី ខេត្តព្រះសីហនុ៤ករណី មណ្ឌលគិរី១ករណី បន្ទាយមានជ័យ១ករណី និងខេត្តបាត់ដំបង១ករណី។
លោកទូច សុឃៈ រៀបរាប់បន្តថា ក្រុមឆបោកទាំងនោះបានប្រើគ្រប់វិធីសាស្ត្រ ដើម្បីលួងលោម និងបោកប្រាស់ទាញយកផលប្រយោជន៍នានាពីជនបរទេស ជាពិសេសជនជាតិកូរ៉េ ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជាអាទិ៍ ការបោកប្រាស់ឱ្យបញ្ចេញព័ត៌មានសម្ងាត់ ដោយផ្ញើសារតាមរយៈ អ៊ីមែល (Email) សារSMS ឬសារតាមបណ្ដាញសង្គមហើយក្លែងធ្វើជាធនាគារ ឬធ្វើជាក្រុមហ៊ុនណាមួយ ដើម្បីយកលេខសម្ងាត់ ហៅថា Password លេខកាតធនាគារ ឬក៏លេខកូដ៕
